កំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាយល់ថា គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង

សង្គម​និង​សេដ្ឋកិច្ច

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តី ស្ដីពីកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២១ ខែកញ្ញានេះ នាទីក្រុងបាលី ឥណ្ឌូនេស៊ី។ សម្រាប់កម្ពុជា ដំណាងដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ គឺជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មរបស់ក្រុមទេស G20 នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកទស្សនាទានល្អៗរបស់បណ្ដារដ្ឋមន្រ្តីពាណិជ្ជកម្ម ទៅលើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធដោះស្រាយវិវាទនេះ មានលក្ខណៈកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាប័ន្ន។

នៅក្នុងឱកាសនោះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ គូសបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជា ជាប្រទេសអភិវឌ្ឍតិចតួចដែលមិនធ្លាប់មានវិវាទក៏ដោយ ក៏កម្ពុជាមានគោលបំណងឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ផ្តល់សំទ្បេងឱ្យក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅក្នុងដំណើរការក្ដីផ្សេងៗនៅក្នុងប្រព័ន្ធនេះ។

បើតាមលោករដ្ឋមន្ត្រី ដើម្បីឱ្យប្រព័ន្ធនេះដំណើរការប្រកបដោយប្រសិទ្ធភាព គឺចាំបាច់ត្រូវជៀសវាងការបង្កើតនូវរាល់នីតិវិធី និងវិធានដែលមានលក្ខណៈស្មុគ្រស្មាញ និងថ្លៃចំណាយខ្ពស់ ដែលអាចបង្ករជារបាំងផ្នែករដ្ឋបាល ហើយប៉ះពាល់ដល់ការចូលរួមដំណើរការក្ដីរបស់ក្រុមប្រទេសអភិវឌ្ឍតិចតួច ឬប្រទេសផ្សេងទៀត។

លោកបន្តថា ជំនួយបច្ចេកទេស និងដំបូន្មានផ្នែកច្បាប់ត្រូវតែផ្ដល់ជូនដល់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីជាជំនួយដល់ដំណើរការក្ដីផ្សេងៗដែលពាក់ព័ន្ធនឹងក្រុមប្រទេសនេះ។ បន្ថែមពីនេះក៏គួរតែមានអ្នកកាត់ក្ដីដែលមិនលំអៀង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលមកពីគ្រប់តំបន់ និងយេនឌ័រ ហើយត្រូវជំរុញឱ្យមានចៅក្រមដែលមានសមត្ថភាពមកពីប្រទេសសមាជិកអភិវឌ្ឍតិចតួច ផងដែរ។

យ៉ាងណា សម្រាប់កម្ពុជា លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមយ៉ាងសកម្មជាមួយគ្រប់បណ្ដាភាគីពាក់ព័ន្ធ នៅក្នុងកំណែទម្រង់ប្រព័ន្ធដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក សំដៅធ្វើយ៉ាងណាធ្វើឱ្យប្រព័ន្ធនេះមានដំណើរការកាន់តែល្អប្រសើរបន្ថែមទៀត នាពេលអនាគត៕