ក្រសួង​កសិកម្ម បង្ហាញការភ្ញាក់ផ្អើលចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះរបស់កម្ពុជា ពេលធ្វើដំណើរឆ្លងកាត់អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការភ្ញាក់ផ្អើល និងមានក្តីទោមនស្សយ៉ាងខ្លាំង ចំពោះការ ឃាត់ខ្លួនលោក គី ប៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES(សាយតេស) នៅប្រទេសប៉ាណាម៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងកសិកម្ម បានឲ្យដឹងថា តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លើគេហទំព័ររបស់ក្រសួងយុត្តិធម៌សហរដ្ឋ អាមេរិក លោក គី ប៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការ រត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ វាជា រឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិត ផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និង សហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។

ក្រសួងកសិកម្ម បញ្ជាក់ទៀតថា សត្វស្វាក្តាមត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅ ប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបាន ការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹម ត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។

សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជាបានអនុញ្ញាតឱ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកប អាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសដែរថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែល បំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។