ភាគហ៊ុន Nissan ធ្លាក់ចុះជាង ៦% ក្រោយ Mercedes-Benz ប្រកាសដកភាគហ៊ុនទាំងអស់

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Nissan បានធ្លាក់ចុះអស់ជាង ៦% បន្ទាប់ពីក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Mercedes-Benz ប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចេញទាំងអស់ នៅក្នុងតម្លៃប្រមាណជាង ៣២៤លានដុល្លារ ឬស្មើទៅនឹង ៣,៨% នៃភាគហ៊ុនសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Nissan នេះ កាន់តែធ្វើឲ្យក្រុមវិនិយោគិន បង្ហាញពីភាពសង្ស័យខ្លាំងឡើងទៅលើក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បន្ទាប់ពីពួកគេបានប្រឈមមុខជាមួយទៅនឹងបញ្ហារួចស្រេចទៅហើយ ដូចជាពន្ធគយ និងការធ្លាក់ចុះនៃការលក់នៅទីផ្សារសំខាន់ៗរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nissan ក៏បានប្រកាសពីការខាតបង់យ៉ាងច្រើនរបស់ខ្លួន រហូតដល់ទៅ ៥៣៥លានដុល្លារ សម្រាប់រយៈពេលត្រឹមតែ ៣ខែ​គិតនៅត្រឹមខែមិថុនាកន្លងទៅ។

យ៉ាងណាមិញ ជុំវិញការលក់ភាគហ៊ុននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan បានយល់ព្រមកាលពីដើមឆ្នាំនេះ ជាមួយនឹងដៃគូយូរអ្វែងរបស់ខ្លួន និងម្ចាសភាគហ៊ុនកំពូល Renault ដើម្បីកែប្រែភាពជាដៃគូរបស់ពួកគេ ក្នុងការអនុញ្ញាតឲ្យកាត់បន្ថយការកាន់កាប់ភាគហ៊ុន ដែលត្រូវការមកនៅត្រឹម ១០% ពីចំនួន ១៥% ។

ជម្រាបជូនផងដែរថា យោងតាមអ្នកនាំពាក្យរបស់ Mercedes-Benz បានបញ្ជាក់បន្ថែមទៀតថា ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nissan នេះ គឺជាការរៀបចំផលប័ត្រវិនិយោគរបស់ខ្លួនឡើងវិញ និងមិនមែនជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តអ្វីនោះឡើយ៕