អាជីវករលក់គោដុត១រូប ចង់លើកស្ទួយមុខម្ហូប «គោដុតខ្មែរ» ឱ្យល្បីល្បាញជាសកល

អាជីវកម្ម

លោក ងួន សុភាព ម្ចាស់ហាង ផ្ទះឆ្ងាញ់-គោដុត នៅរាជធានីភ្នំពេញ ​​មាន​បំណង​ចង់ច្នៃ​មុខម្ហូប​គោដុត​ខ្មែរ ឱ្យ​ក្លាយ​ជាមុខម្ហូប​​មាន​រស់ជាតិ​ឆ្ងាញ់​ល្បីល្បាញ​ជា​សកល និង​ក្លាយ​ទៅ​ជា​អាហារ​ប្រណិត​​ដាក់​លក់​ក្នុង​ហាងធំៗ ជា​ជាង​ឃើញ​លក់​នៅ​តែ​តាម​ចិញ្ចើម​ផ្លូវ​ភាគ​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ ងួន សុភាព ម្ចាស់ហាង ផ្ទះឆ្ងាញ់-គោដុត ដែលមានទីតាំងស្ថិតនៅ បុរីពិភពថ្មីកួរស្រូវ រាជធានីភ្នំពេញ បានបើកហាងលក់គោដុតនេះអស់រយៈពេល៦ឆ្នាំមកហើយ និង​ធ្លាប់បានពង្រីកបាន៣សាខា ប៉ុន្តែដោយសារ​មានបញ្ហាជំងឺកូវីដ១៩ ទើបលោកបានបង្រួមមកនៅតែមួយ​វិញ។

យើងសង្កេតឃើញគ្រប់ប្រទេសនៅលើសកលលោក គឺសុទ្ធតែនិយមបរិភោគសាច់គោទាំងអស់ គ្រាន់តែវិធីចំអិន​និងគ្រឿងផ្សំមានលក្ខណៈខុសៗគ្នា ទៅតាមតំបន់ និងជាតិសាសន៍នីមួយៗ។ ហេតុដូច្នេះហើយ​ទើបអាជីវករ​លក់គោដុត​មួយរូបនេះ មានគំនិតចង់ច្នៃមុខម្ហូបគោដុតខ្មែរ ឱ្យក្លាយជាមុខម្ហូបមួយមានរសជាតិឆ្ងាញ់សកល និងដែលឃើញតែលក់តាមចិញ្ចើមផ្លូវភាគច្រើននោះ ឱ្យ​ក្លាយទៅជាអាហារប្រណិត​ដាក់លក់ក្នុងហាងធំៗ​ជាមួយ​នឹង​ការ​រៀបចំ​រចនា​​ឱ្យ​ស្រស់​ស្អាត។

ម្ចាស់ហាង​រូប​នេះ​ បានថ្លែងប្រាប់សារព័ត៌មាន ឧកញ៉ា ញូស៍ ថា មកដល់សព្វថ្ងៃយើងឃើញ​មានតែមុខម្ហូប​បរទេស​ជាច្រើន បានហូរចូលមកប្រទេសកម្ពុជា​យ៉ាងច្រើនសន្ធឹកសន្ធាប់ បែប ហ្វ្រែនឆាយ តាមរយ:អ្នកមាន​ទ្រព្យស្ដុកស្ដម ឬឧកញ៉ាខ្មែរជាច្រើនរូប។ ទោះ​យ៉ាងណា លោកចង់ឃើញឧកញ៉ាមហាសេដ្ឋីខ្មែរ ដាក់ទុន​វិនិយោគ​លើកស្ទួយមុខម្ហូបខ្មែរយើងឱ្យ​បានល្បីល្បាញពេញនិយមខ្លាំង និងបង្កើតជា ហ្វ្រែនឆាយ នាំចេញទៅ​បរទេស​យកលុយចូលស្រុកវិញផង និងជាការលើកកំពស់មុខម្ហូបខ្មែរ​ឱ្យ​សកលលោកបានដឹងបានឮថា ខ្មែរមាន​ម្ហូបឆ្ងាញ់ៗនិងល្អៗច្រើនណាស់។

សម្រាប់​លោក ងួន សុភាព ផ្ទាល់ លោក​ចង់​កែច្នៃនិងអភិវឌ្ឍមុខម្ហូប គោដុតខ្មែរយើង និងមុខម្ហូបមួយចំនួនទៀត ដែលមានស្រាប់ ឱ្យ​មានរស់ជាតិសកល​ហើយឆ្ងាញ់ ដែលអាចឱ្យ​មនុស្សគ្រប់ជាតិសាសន៍ទាំងអស់លើ​សកលលោក អាចទទួលទានបានគ្រប់ៗគ្នា ប៉ុន្តែគួរឱ្យ​ស្ដាយ លោកពុំទាន់មានលទ្ធភាពទេ ព្រោះ​កិច្ចការដ៏ធំ ​និង​​សំខាន់​នេះទាមទារទុនវិនិយោគ និងកម្លាំងចូលរួមច្រើន។

លោក ងួន សុភាព បានបន្តទៀតថា សព្វថ្ងៃលោក​បានបង្កើតទឹកជ្រលក់ ដែលមានរសជាតិសកល (បរទេស​ជាតិ​សាសន៍ណាក៏ពិសារបាន) រួចហើយ។ កត្តានេះនឹងជំរុញ​ការលក់ម្ហូប គោដុតខ្មែរ ឱ្យ​បានទៅដល់មាត់​ភ្ញៀវ​បរទេស ដែលមកលេងស្រុកខ្មែរ មិនថាអឺរ៉ុប អ៊ីស្លាម ឬសាសន៍អ្វីនោះទេ បានភ្លក្សបានឆ្ងាញ់​បានផ្សព្វផ្សាយ​បន្ត​ទៅគ្នា​ពួកគេ​ថែមទៀត។

ជាមួយ​គ្នា​នេះ លោកក៏កំពុងមានបំណងពង្រីកអាជីវកម្មរបស់លោក​ដោយខ្លួនឯងផង និងក៏ចង់ស្វែងរកតំណាង​លក់គោដុត​នេះផងដែរ ព្រោះលោកបានឃើញថាមានទីតាំងល្អៗ​ជាច្រើនកន្លែង ដែលស័ក្ដិសមនឹងបើកលក់ និង​អាចបានផលចំណេញចាប់ពី ៧៥០ដុល្លារ​ ដល់ ១៥០០​ដុល្លារ ឬអាចលើសនេះទៀតក៏មានក្នុងមួយខែៗ ទោះ​បើកជាលក្ខណៈម្ហូបតាមផ្លូវក៏បាន ឬបើកជាភោជនីដ្ឋានតូចធំក៏បាន។ ធ្វើបែបនេះជាយុទ្ធសាស្ត្រ​មានបាន​ទាំង​អស់​គ្នា។

លោក ងួន សុភាព ​យល់ឃើញថា ចំពោះមុខម្ហូបខ្មែរយើង ជាពិសេសមុខម្ហូបគោដុតនេះ មានការពេញនិយម​ចូលចិត្តពីប្រជនខ្មែរស្រាប់ ប្រសិនអាចធ្វើឱ្យ​បរទេសអាចបរិភោគបាន និងទទួលស្គាល់ជាតិជាសកលទៀតនោះ វានឹងជួយជំរុញសេដ្ឋកិច្ចប្រជាជនកម្ពុជា កាន់តែប្រសើរឡើង​មួយ​កម្រិត​ថែម​ទៀត៕