លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧៣ព្រះវស្សា

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលិខិត អ្នកឧកញ៉ា លី យ៉ុងផាត បានលើកឡើងថា ក្នុងឱកាសដ៏មហានក្ខត្ដឫក្សឧត្ដុងឧត្ដមប្រសើរថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣វស្សានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាងនាមអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាក្នុងនាមទូលបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ដប្រកបដោយមនោសញ្ចេតនាស្វាមីភ័ក្ដិ ក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃងសេស សូមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជបញ្ញាញាណវាងវៃភ្លឺថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស។

ក្នុងឱកាសដ៏បវរមហាប្រសើរបំផុតនេះ ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណាថ្លៃវាសេស ក្នុងការបំពេញព្រះរាជកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឫទ័យយកចិត្តទុកដាក់ខ្ពស់ លើជីវភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើននៃប្រជានុរាស្ត្រខ្មែរ។

ព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមថែរក្សាប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហា ប្រសើរថ្វាយ ព្រះករុណាថ្លៃវសេស សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជា ភិយ្យាភាពតរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ចប្រកបដោយគារវភក្តី ដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា៕