លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

សមាគមឧកញ៉ាកម្ពុជា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបទៀត នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះចំការមន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអញ្ជើញចូលសួរសុខទុក្ខខាងលើនេះ គឺនៅក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ថ្ងៃ២០ ឧសភា និងអបអរសាទរថ្ងៃ៧ មករា កំណើតទី២ផងដែរ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បានគោរពជូនពរសម្តេចទាំងទ្វេ និងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ ព្រមទាំងវិបុលសុខគ្រប់ប្រការ។

សូមជម្រាបថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាឥស្សរជនមួយរូបដែលបានតស៊ូរួមចំណែកដឹកនាំឱ្យមានចលនាជួយរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចជាថ្នាក់ដឹកនាំដែលកាន់តួនាទីជាប្រធានរដ្ឋសភា បានយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់ពីខែមីនា ឆ្នាំ២០០៦ រហូតដល់ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ តែងតាំងសម្តេច ជាប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ដ្រី៕