នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទី ពិសិដ្ឋ សមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកចំនួន ២០រូប ចូលរួមជាកិត្តិយសក្នុង “ជំនួបពាណិជ្ជកម្មកម្ពុជា-កាណាដា” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការ ផ្តល់យោបល់លើគោលនយោបាយ ពាណិជ្ជកម្ម និងលោកជំទាវ Sara Wilshaw ប្រធានស្នងការពាណិជ្ជកម្មនៃប្រទេសកាណាដា និងជាឧបការីអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើន។

ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ជាក់ស្ដែងអំពីបរិយាកាសធុរកិច្ច និងស្វែងរកកាលានុវត្តភាពធុរកិច្ច និងភាពជាដៃគូវិនិយោគនៅកម្ពុជាផងដែរ ជាពិសេសក្នុងវិស័យ កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ បច្ចេកវិទ្យាស្អាត និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
សូមជម្រាបផងដែរថា ក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនង និងជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា លោកជំទាវ Sara Wilshaw បានដឹកនាំគណៈប្រតិភូវិនិយោគិនកាណាដាមកបំពេញទស្សនកិច្ច (2025 Team Canada Trade Mission – TCTM) នៅក្នុងប្រទេសកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៨ ដល់៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះគណៈប្រតិភូរួមមានតំណាងជាង ៩០ នាក់មកពីក្រុមហ៊ុន និងស្ថាប័នកាណាដាជាង ៥០ ហើយ៧០ភាគរយគឺជាសហគ្រាសធុនតូច និងមធ្យមមកវិស័យអាទិភាពនានា។
បេសកកម្មនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែងប្រកបដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ។ ទស្សនកិច្ចនេះដែរ ត្រូវបានរៀបចំឡើងបន្ទាប់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលរួមផងដែរក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា កាលពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕








