អ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាល និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលរួមមានវត្តមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួសនៅសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា ទី គឹមស្រ៊ាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីលោកអ្នកឧកញ៉ាប្រធាន ជូនចំពោះវីរភាពកងទ័ពដែលបានតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាព និងសេចក្តីសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាប្រកបដោយភាពអង់អាចក្លាហានជាទីបំផុត រួមទាំងបានប្រគល់ជូននូវថវិកាមួយចំនួនពីសមាគមឧកញ៉ាកម្ពុជា ជូនដល់យោធិនដែលកំពុងសម្រាកព្យាបាលរបួសផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានជូនពរដល់វីរកងទ័ពទាំងអស់ដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីវិលត្រលប់ទៅបំពេញការងារនាពេលដ៏ខ្លីខាងមុខ និងបានសម្តែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានកំពុងបំពេញនាទីជាកងទ័ពអាវសជួរក្រោយ ដោយឈរលើសាមគ្គីភាពជាធ្លុងមួយយកចិត្តទុកដាក់មិនរាថយបម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយវិជ្ជាជីវៈ និងសេចក្តីស្រឡាញ់អាណិតអាសូរ។
សូមបញ្ជាក់ថា នាសប្តាហ៍កន្លងមក ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក៏បានចុះសួរសុខទុក្ខព្រមទាំងនាំយកនូវអំណោយជាថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗជូនដល់ក្រុមគ្រួសារយោធិនពលីក្នុងសមរភូមិនាមូលដ្ឋានផ្ទាល់ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕









