អ្នកឧកញ៉ា ហ៊ុន ឡាក់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួម “ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា”

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នាសណ្ឋាគារ Fairfield Marriot ភ្នំពេញ, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំសមាជិកចូលរួម “ជំនួបផ្គូផ្គងធុរកិច្ចកម្ពុជា-ឥណ្ឌា” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្ម សមាគម វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នារវាងធុរជនឥណ្ឌាជាអ្នកនាំចេញ-នាំចូល, ធុរជនកម្ពុជា និងអ្នករៀបចំគោលនយោបាយ ក្នុងគោលបំណងសិក្សាស្វែងយល់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជា ពង្រីកកាលានុវត្តភាពសម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគីលើចម្រុះវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ លើសពីនេះ ជំនួបនេះក៏ជាវេទិកាក្នុងការកសាងបណ្ដាញ និងការផ្គូផ្គងធុរកិច្ចរវាងធុរជនកម្ពុជា និងឥណ្ឌា សម្រាប់កិច្ចសហការក្នុងភាពជាដៃគូធុរកិច្ចក្នុងវិស័យអាទិភាពរៀងៗខ្លួនផងដែរ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ធុរកិច្ចនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធអង្គការអ្នកនាំចេញឥណ្ឌា (Federation of Indian Export Organization – FIEO) ដោយមានការគាំទ្រពីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ សហព័ន្ធ FIEO បានដឹកនាំគណៈប្រតិភូឥណ្ឌាចំនួន ១១ក្រុមហ៊ុនស្វែងរកដៃគូធុរកិច្ច និងវិនិយោគិននៅកម្ពុជាក្នុងវិស័យមានសក្ដានុពល ដូចជា សម្ភារ:សំណង់និងឧស្សាហកម្ម, ឧបករណ៍វិទ្យាសាស្ត្រ និងស្ទង់ទិន្នន័យ, ប្រព័ន្ធបូមទឹក, គីមីនិងឧស្ម័នក្នុងឧស្សាហកម្ម, ស្បែក វាយនភណ្ឌ និងសម្ភារៈកាត់ដេរ, ការថែទាំសុខភាពនិងឱសថ, សេវាជ្រើសរើសបុគ្គលិក និងធនធានមនុស្ស, គ្រឿងសង្ហារិម និងបរិក្ខារក្នុងផ្ទះ។