សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាំទ្រផែនការពង្រីកការវិនិយោគរបស់ Shandong (Cambodia) Economic and Technological Development Zone និងលើកទឹកចិត្តការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលកកើតឡើងវិញនៅកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៖ នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឧកញ៉ា កង លាប សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា រួមជាមួយ លោក Wu Yujie តំណាង Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសសម្ដេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference) នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោក Wu Yujie បានសម្ដែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបង្ហាញនូវជំនឿជាក់ចំពោះសក្តានុពលនៃការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី។ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ជាពិសេសការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានបញ្ជាក់ពីបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះការជឿជាក់ និងការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន នៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។ សម្ដេចក៏បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងលើកទឹកចិត្តឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងវិនិយោគឱ្យទទួលបានលទ្ធផលជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

សម្ដេចមហាបវរធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយផ្អែកលើបទពិសោធន៍ និងឧត្តមភាពរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍដំណាំស្វាយចន្ទី។ 

ទន្ទឹមនឹងនេះ សម្ដេចបានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងថាមពលស្អាត សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។