នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគមប្រចាំខែកក្កដា និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ មហាឧបាសក ភោគ រាជ ដែលត្រូវជាលោកតាក្មេករបស់អ្នកឧកញ៉ា ជាម ឃុនណាត សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។

វត្តមានរបស់គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ក្នុងពិធីបុណ្យនេះ គឺជាការសម្តែងនូវសមានទុក្ខដ៏ស្មោះស្ម័គ្រ ការគោរព និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយអ្នកឧកញ៉ា ជាម ឃុនណាត និងក្រុមគ្រួសារ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធនៃមហាឧបាសក ឱ្យបានទៅកាន់សុគតិភព។
សូមរំលឹកថា មហាឧបាសក ភោគ រាជ បានទទួលមរណភាពកាលពីថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសដ៏សោកស្តាយនេះ សមាគមឧកញ៉ាកម្ពុជា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នកឧកញ៉ា ជាម ឃុនណាត និងក្រុមគ្រួសារ។ សូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមប្រោសប្រទានឱ្យដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសក ភោគ រាជ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។










