សមាគមឧកញ៉ាកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ ចំពោះមរណភាពលោកជំទាវ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក និងម្តាយបង្កើត

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកជំទាវ ចំពោះមរណភាព លោកជំទាវមហាឧបាសិកា​ពុទ្ធសាស​នូបត្ថម្ភក៍ គង់ ណម ទន់ចាយ ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើតរបស់ ឯកឧត្តម និង លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីដូចខាងក្រោម៖

ក្នុងវេលាប្រកបដោយសេចក្តីវិយោគដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកមរណទុក្ខ​ដ៏ស្មោះស្ម័គ្រ​ជាមួយ ឯកឧត្តម លោកជំទាវ និង ក្រុមគ្រួសារទាំងមូល ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួតដ៏ឧត្តុង្គឧត្តមមួយរូបដែលប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ជាគំរូដ៏ល្អប្រពៃ​ដោយបានថែរក្សា អប់រំ និងការផ្តល់ឱវាទល្អៗចំពោះកូន ចៅ ចៅទួត ឱ្យរស់នៅប្រកបទៅដោយគន្លងធម៌ រហូតបានក្លាយជាបញ្ញវន្ត ជាថ្នាក់ដឹកនាំដែលជាមូលធនមនុស្ស​ដ៏មានតម្លៃសម្រាប់សង្គមជាតិ​រហូតមកដល់​បច្ចុប្បន្ននេះ។

ជាងនេះទៅទៀត លោកជំទាវមហាឧឰសិកាពុទ្ធសាសនូបត្ថម្ភក៍ ក៏ជាពុទ្ធសាសនិកជនគំរូមួយរូបដែល​តែងតែ​បានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនសម្រាប់សង្គមជាតិទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ និង ក្រុមគ្រួសារទាំងមូល ហើយសូមចូលរួមចែករំលែកនូវទុក្ខសោកដ៏ធ្ងន់ធ្ងរនេះដោយក្តីគោរព និងសមានចិត្ត។

ក្នុងឱកាសដែលពោរពេញដោយភាពសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់​ដួងវិញ្ញាណក្ខន្ធ​របស់ លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គង់ ណម ទន់ចាយ សូមបានសោយសុខក្នុងសុគតិភព និងទទួលនូវបរមសុខជានិច្ចនិរន្តរ៍។