ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខ្នាតយក្ស Anthropic ដែលជាក្រុមហ៊ុនមេបង្កើតកម្មវិធី AI Claude បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅទីផ្សារភាគហ៊ុនអាមេរិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនកើនឡើងជាង ៣០% នៅថ្ងៃដំបូងនៃការចុះបញ្ជីជួញដូរនៅផ្សារហ៊ុន Nasdaq ដែលធ្វើឱ្យតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ២ទ្រីលានដុល្លារ។

នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុន Anthropic បានបើកការជួញដូរក្នុងតម្លៃ ១១១,៥ដុល្លារក្នុងមួយហ៊ុន ដែលជាចំនួនខ្ពស់ជាងតម្លៃដាក់លក់ដំបូងចំនួន ៣៤% គឺ ៨៣ដុល្លារក្នុងមួយហ៊ុន។ ការកើនឡើងនេះបានធ្វើឱ្យក្រុមហ៊ុនទទួលបានតម្លៃមូលធនទីផ្សារប្រមាណ ២ទ្រីលានដុល្លារ ដែលជាកម្រិតមួយដែលមានក្រុមហ៊ុនអាមេរិកតិចតួចប៉ុណ្ណោះអាចឈានដល់កម្រិតនេះ។
យ៉ាងណាមិញ តាមរយៈការឈានដល់តម្លៃនេះ ក្រុមហ៊ុន Anthropic បានវ៉ាដាច់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដែលធ្លាប់មានតម្លៃមូលធនទីផ្សារ ១,៩៦ទ្រីលានដុល្លារ នៅពេលចាប់ផ្តើមជួញដូរភាគហ៊ុនដំបូង កាលពីខែមិថុនា។
គួរជម្រាបជូនថា មុនការចាប់ផ្តើមបើកការជួញដូរភាគហ៊ុននៅមួយថ្ងៃមុន គឺនៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ក្រុមហ៊ុន Anthropic បានកំណត់តម្លៃ IPO របស់ខ្លួនខ្ពស់ជាងតម្លៃដែលបានគ្រោងទុក ជាមួយនឹងតម្លៃមូលធនទីផ្សារប៉ាន់ប្រមាណថាមានចំនួនត្រឹម ១,៥ទ្រីលានដុល្លារប៉ុណ្ណោះ៕

