រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រដូចការដឹកនាំរបស់លោក ត្រាំ ទៅនឹងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Kuan Yew

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth កាលពីពេលថ្មីៗនេះ បាននិយាយលើកសរសើរចំពោះចក្ខុវិស័យយុទ្ធសាស្រ្តរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Kuan Yew ថាគោលនយោបាយដឹកនាំប្រទេសរបស់លោក គឺស្រដៀងទៅនឹងប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយប្រមូលផ្តុំដោយមេដឹកនាំការពារជាតិកំពូលៗ មកពីជុំវិញពិភពលោក ដែលរៀបចំធ្វើឡើងក្នុងប្រទេសសិង្ហបុរីនៅថ្ងៃនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានធ្វើការប្រៀបធៀបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងស្ថាបនិកប្រទេសសិង្ហបុរី លោក Lee Kuan Yew ថាជា “បុរសប្រចាំប្រវត្តិសាស្ត្រដែលតែងតែចង់បានការសហការ និងគោរពលើផលប្រយោជន៍រួម”។

មិនតែប៉ុណ្ណោះ​ លោក Hegseth ក៏បានសរសើរការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់លោក Lee ដែលបានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេលបីទសវត្សមកថា “ប្រធានាធិបតី លោក ត្រាំ គឺដូចគ្នាទៅនឹងអតីតនាយករដ្ឋមន្ត្រី លោក Lee ដែរ ពោលអ្នកទាំងពីរ បានបន្តវិធីសាស្រ្តដោយផ្អែកលើសុភវិនិច្ឆ័យ និងផលប្រយោជន៍ជាតិ ជាធំ” ។

រំឭកផងដែរថា អតីតនាយករដ្ឋមន្ត្រី លោក ​Lee Kuan Yew ដែលបានប្រែក្លាយសិង្ហបុរីទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ និងហិរញ្ញវត្ថុកំពូលមួយរបស់ពិភពលោក បានទទួលមរណភាព កាលពីជាងមួយទសវត្សមុន ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោក នៅតែត្រូវបានបន្តគោរពដោយប្រជាជនសិង្ហបុរីជាប់ជានិច្ច និងថែមទាំងត្រូវបានគេដាក់ឈ្មោះថាជាស្ថាបនិករបស់ប្រទេសសិង្ហបុរី ផងដែរ។

ជម្រាបជូនថា លោក Hegseth បានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong កាលពីថ្ងៃទី៣០ ឧសភា ដែលក្នុងនោះភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Hegseth គឺ​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​អាមេរិក​ដំបូង​គេ​ដែល​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី Wong ចាប់​តាំង​ពី​មេដឹកនាំ​សិង្ហបុរី​ចូល​កាន់​តំណែង​ នៅ​ដើម​ខែ​នេះមក៕