តម្លៃមាសនៅក្នុងមួយអោន បានធ្លាក់ចុះអស់ជាង ១២០ដុល្លារ ស្របពេលដែលតម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent បានកើនឡើងជិត ៦%បន្ទាប់ពីមានការធ្លាក់ចុះអស់ជាច្រើនលើកមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរចុងក្រោយនៅថ្ងៃទី២៦ ខែមីនា តម្លៃមាសបានធ្លាក់ចុះ ១២៦ដុល្លារភ្លាមៗ មកនៅត្រឹម ៤ ៣៧៧ដុល្លារក្នុងមួយអោន។ ប៉ុន្តែពេលបើការជួយដូរឡើងវិញ នៅថ្ងៃទី២៨ ខែមីនានេះ តម្លៃបានងើបឡើងវិញបន្តិចមកចំនួន ៤ ៣៨៤ដុល្លារក្នុងមួយអោន។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃមាសនេះ លោក Jim Wyckoff អ្នកវិភាគជាន់ខ្ពស់នៅ Kitco Metals បានព្យាករថាប្រសិនបើជម្លោះនៅតែបន្ត តម្លៃមាសអាចបន្តធ្លាក់ចុះដល់ក្រោម ៤ ០០០ដុល្លារ។ ហើយមានតែពេលដែលប្រទេសនានាឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយអត្រាការប្រាក់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះម្តងទៀតប៉ុណ្ណោះ ទើបតម្លៃមាសអាចងើបឡើងវិញបាន”។
ចំណែកឯនៅក្នុងទីផ្សារប្រេងវិញ ប្រេងឆៅប្រភេទ Brent ដែលបានបិទការជួញដូរនៅថ្ងៃទី២៦ ខែមីនា បានកើនឡើង ៥,៧% នៅក្នុងតម្លៃ ១០៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិកក៏បានកើន ៤,៦% ដល់តម្លៃ ៩៤,៤ដុល្លារផងដែរ។ ដោយសារតែលទ្ធភាពនៃជម្លោះអូសបន្លាយនៅមជ្ឈិមបូព៌ា កំពុងធ្វើឲ្យវិនិយោគិនព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត៕

