ធនាគារ ជីប ម៉ុង ចូលរួមគាំទ្រវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia 2026 ដែលរៀបចំឡើងជាលើកដំបូងនៅកម្ពុជា!

សង្គម​ និង​សេដ្ឋកិច្ច

វេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia 2026 បានប្រព្រឹត្តទៅដោយជោគជ័យ ដោយប្រមូលផ្តុំថ្នាក់ដឹកនាំ អ្នកជំនាញ និងស្ថាប័នសំខាន់ៗក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមកពីបណ្តាប្រទេសនានា ដើម្បីពិភាក្សាអំពីនវានុវត្តន៍ហិរញ្ញវត្ថុ និងពង្រឹងការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរវាងតំបន់អាស៊ាន និងបណ្តាប្រទេសនិយាយភាសាបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ ជីប ម៉ុង មានមោទនភាពក្នុងការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) ក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា (NBC) និងបណ្តាញបច្ចេកវិទ្យាហិរញ្ញវត្ថុសកល (Global Finance & Technology Network – GFTN)។

វេទិកានេះបានប្រមូលផ្តុំដោយតំណាងធនាគារកណ្តាល និយ័តករ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រតិបត្តិករទូទាត់ និងវិនិយោគិន ដើម្បីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងស្វែងរកដំណោះស្រាយថ្មីៗសម្រាប់ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថល។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនិយាយភាសាបារាំង។ វេទិកានេះក៏បានរំលេចពីបទពិសោធន៍ និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលបាគង (Bakong) ដែលជាផ្នែកសំខាន់មួយនៃការជំរុញការតភ្ជាប់សេវាហិរញ្ញវត្ថុ។

សម្រាប់ធនាគារ ជីប ម៉ុង ការចូលរួមក្នុងវេទិកានេះជាឱកាសដ៏មានតម្លៃក្នុងការស្វែងយល់ពីនិន្នាការថ្មីៗ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ការចូលរួមជាអ្នកឧបត្ថម្ភកម្រិតមាសនេះ ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងនាមជាធនាគារក្នុងស្រុកមួយ ដែលបន្តគាំទ្រនវានុវត្តន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរឌីជីថល ដើម្បីរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។