នារីវ័យក្មេងជិត ១ពាន់នាក់ រាំអមកំពូលតារាចម្រៀង ៤ដួង ក្នុងបទ MV សម្រាប់ព្រឹត្តិការណ៍សុីហ្គេម

កម្សាន្ត

ដើម្បីអបអរសាទរ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា ដែលបានខកខានជាង ៦០ឆ្នាំ។ ក្នុងឆ្នាំ២០២៣នេះ ផលិតកម្ម Galaxy Navatra ដែលកំពុងល្បីឈ្មោះបោះសំឡេង បានរៀបចំផលិតបទ MV ចម្រៀងអមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តផ្នែកកីឡារបស់កម្ពុជា ដោយមាននារីវ័យក្មេងជិត ១ពាន់នាក់ រាំអមកំពូលតារាចម្រៀង ៤ដួង ក្នុងបទ MV សម្រាប់ព្រឹត្តិការណ៍សុីហ្គេម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៤ ខែមីនានេះ បានបង្ហោះវីដេអូសកម្មភាពកំពុងតែថត MV និងសរសេរយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាបានរួបរួមផលិតបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ដើម្បីបង្ហាញពីភាពរីកចម្រើនរុងរឿងរបស់កម្ពុជា»។

អ្នកឧកញ៉ា បានគូសបញ្ជាក់រំលេចថា សិល្បៈរស់នៅក្នុងសម័យសន្តិភាព ការសាមគ្គី និងការបង្រួបបង្រួម ជាធ្លុងមួយសម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យសិល្បៈក៏មានការអភិវឌ្ឍន៍រីកចម្រើន។ រូបភាពនេះ គឺជាភស្តុតាង សម្រាប់ទៅអនាគត ដែលបង្ហាញពីរូបភាពរីកចម្រើន អភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អ្នកឧកញ៉ា ក៏បង្ហាញឆន្ទៈ និងចក្ខុវិស័យរបស់ផលិតកម្ម Galaxy navatra ក្នុងការចូលរួមបង្វែរផ្នត់គំនិតថ្មីដែលមិនមានបទចម្លងពីបរទេស និងបង្កើតបទ original song រហូតដល់ជិត ១ពាន់បទ ពេលកន្លងទៅ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបញ្ជាក់បន្ថែមថា៖ «ហើយសមិទ្ធផលទាំងអស់នេះ មិនមែនជារបស់ខ្ញុំម្នាក់ឯងឡើយ គឺជាសមិទ្ធផលរបស់ជាតិ ដែលអភិវឌ្ឍន៍សិល្បៈជ្រកក្រោមម្លប់សន្តិភាព​ និងការអភិវឌ្ឍន៍គ្រប់វិស័យ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានធ្វើអោយសិល្បៈរស់ឡើងវិញ និងអាចឈានជើងទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន»។

សូមជម្រាបជូនថា នៅក្នុងវីដេអូ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះនោះ គេឃើញមានវត្តមានកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra  គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ, កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត, កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា និងកំពូលតារាចម្រៀង ខេម អមដោយនារីវ័យក្មេងជិតមួយ១ពាន់នាក់រាំនៅក្នុង MV បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន”៕