កម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ សម្រាប់កុមារ និងយុវជនឆ្នាំ ២០២៤

កម្សាន្ត

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ធនាគារ អេស ប៊ី អាយ លី ហួរ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ឆ្នាំ២០២៤ សម្រាប់កុមារ​ និងយុវជន ដោយសហការជាមួយសាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដើម្បីគាំទ្រវិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមកុមារ និងយុវជន អាយុក្រោម ៩ឆ្នាំ (U9) អាយុក្រោម ១១ឆ្នាំ (U11) អាយុក្រោម ១៣ឆ្នាំ (U13) អាយុក្រោម ១៥ឆ្នាំ (U15) និង អាយុក្រោម ១៧ឆ្នាំ (U17) ដែលសរុបទាំងអស់ជិត៤០០នាក់ ដែលមកពីសាលារៀនអន្តរជាតិ និងក្លឹបបាល់ទាត់កុមារជាច្រើននៅរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវីធីនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក SHUZO SHIKATA ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អេស ប៊ី អាយ​ លី ហួរ បានមានប្រសាសន៍ថា “ការប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ២០២៤ នេះ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅប្រទេសកម្ពុជា ដែលកំពុងរីកចម្រើនលូតលាស់ខ្លាំង និងជាពិសេសដើម្បីលើកកម្ពស់សុខុមាលភាព សុខភាព ភាពរឹងមាំ ជាមួយស្មារតីធ្វើការងារជាក្រុម និងការជួយគ្នាទៅវិញទៅមក ប្រកបដោយភាតរភាព និងមិត្តភាព របស់កុមារ និងយុវជន ដែលលោកអ្នកអាចចូលរួម  ទស្សនាការប្រកួតដោយសេរី និងឥតគិតថ្លៃ។” លោកបានបន្ថែមទៀតថា  “សូមអរគុណដល់សាលាបង្វឹកបាល់ទាល់ SOLTILO FAMILIA SOCCER SCHOOL CAMBODIA ដែលបង្កើតឡើងដោយ លោក កៃស៊ូកិ ហុនដា (Mr. KEISUKE HONDA) ដែលបានរៀបចំកម្មវិធីនេះឡើងប្រកបដោយជោគជ័យរហូតដល់ចប់កម្មវិធី និងជាពិសេសសូមថ្លែងអំណរអរគុណដល់ មាតា បិតា អាណាព្យាបាល បងប្អូន កុមារ និងយុវជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ធនាគារ អេស ប៊ី អាយ លី ហួរ ឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។”

លើសពីនេះទៀត ធនាគារ អេស ប៊ី អាយ លី ហួរ បានចូលរួមយ៉ាងសកម្មនៅក្នុងការងារសង្គមជាច្រើន តាមរយៈការចូលរួមកម្មវិធីផ្តល់ឈាមដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា ការផ្តល់សម្ភារៈសិក្សាដល់កុមារនៅតាមតំបន់ដាច់ស្រយាល ការដាំដើមឈើ កម្មវិធីសប្បុរសធម៌ដើម្បីជួយមន្ទីពេទ្យកុមារកម្ពុជា និងការងារសង្គមជាច្រើនផេ្សងទៀតដែលបានធ្វើដោយផ្ទាល់ និងដោយប្រយោលតាមរយៈការចូលរួមជាមួយសមាគមន៍ និងនិយ័តករជាអាណាព្យាលរបស់ធនាគារ ដែលបង្ហាញឲ្យឃើញពីការផ្តល់ត្រឡប់ទៅសហគមន៍វិញ ដែលខ្លួនកំពុងធ្វើប្រតិបត្តិការនៅទូទាំងប្រទេស ដែលមិនតែផ្តោតទៅលើការរកប្រាក់ចំណេញតែមួយមុខឡើយ។

សូមបញ្ជាក់ផងដែរថា ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លីហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូរជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុនជប៉ុនដ៏ធំ SBI Holdings, Inc.។ បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ខេត្ត និងរាជធានី ក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មជាង ១,០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៤៩ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សរុបជាង៣០កន្លែងដែលបានដាក់ដំណើរការនៅទីតាំងសក្តានុពលផ្សេងៗគ្នា។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CDM) សេវាផ្ទេរប្រាក់ទៅក្នុង ​និងក្រៅស្រុក ប្រព័ន្ធធនាគារចល័តឌីជីថលផងដែរ ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឲ្យកាន់តែល្អប្រសើរឡើង និងទៅតាមតម្រូវការរបស់អតិថិជន៕