ក្រុមហ៊ុន Sabay Digital Group បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយប្រកាសដាក់ឱ្យដំណើរការ Sabay Cinema និង Sabay Rhythm & Bowl។ វាមិនមែនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែវាគឺជាការប្រកាសពី «មោទនភាព និងកម្មសិទ្ធិរបស់ខ្មែរទាំងស្រុង» នៅក្នុងវិស័យកម្សាន្តកម្រិតពិភពលោក។

ក្នុងពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី៥ខែមីនា នៅអ៊ីអន១នេះ ក្រុមហ៊ុន Sabay បានប្រកាសថា បន្ទាប់ពីការសម្រេចចិត្តដកខ្លួនរបស់ Major Cineplex Thailand ក្រុមហ៊ុនបានឈានជើងចូលទិញយកភាគហ៊ុនទាំងអស់ ដើម្បីធានាថាអាជីវកម្មកម្សាន្តដ៏ធំមួយនេះ នឹងត្រូវដឹកនាំដោយស្នាដៃ និងស្មារតីសហគ្រិនខ្មែរ ដើម្បីបម្រើដល់ជនជាតិខ្មែរយើងប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនេះ ក្រុមហ៊ុន Sabay បានបញ្ជាក់នូវចំណុចគន្លឹះសំខាន់ៗចំនួន៣៖
១. ការប្តេជ្ញាចិត្តចំពោះកម្ពុជា៖ ក្រុមហ៊ុននឹងពង្រឹងឧស្សាហកម្មភាពយន្តឱ្យកាន់តែរឹងមាំ និងពង្រីកវិស័យផលិតមាតិកានៅកម្ពុជាឱ្យមានភាពរីកចម្រើន។ តាមរយៈការវិនិយោគរយៈពេលវែង ក្រុមហ៊ុននឹងផ្តល់ឱកាសមាសដល់អ្នកមានសមត្ថភាព និងទេពកោសល្យថ្មីៗ ឱ្យបានចូលរួមយ៉ាងសកម្មក្នុងវិស័យភាពយន្ត និងការច្នៃប្រឌិត។
២. រក្សាគុណភាព ព្រមទាំងបន្ថែមបទពិសោធន៍ថ្មី៖ អតិថិជននឹងនៅតែទទួលបានសេវាកម្ម និងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ដូចជា IMAX Laser និង ScreenX ដែលមានទំហំធំជាងគេ។ អ្វីដែលកាន់តែពិសេសនោះ គឺការកែលម្អបរិយាកាសឱ្យកាន់តែមានភាពស្និទ្ធស្នាល រស់រវើក និងមានស្តង់ដារខ្ពស់ជាងមុន។ ក្រុមហ៊ុនប្តេជ្ញាបន្តនាំយកបច្ចេកវិទ្យា និងបទពិសោធន៍ល្អៗបំផុតមកបម្រើជូនទស្សនិកជនជាបន្តបន្ទាប់។
៣. លើសពីការទស្សនាភាពយន្ត៖ ក្រោមស្លាកសញ្ញា Sabay ក្រុមហ៊ុនកំពុងកសាង «ប្រព័ន្ធអេកូឡូស៊ីកម្សាន្ត» ដ៏សម្បូរបែប។ ការប្តូរឈ្មោះ Blue-O ទៅជា Sabay Rhythm & Bowl គឺជាការបង្ហាញពីថាមពលថ្មី ដែលរួមបញ្ចូលគ្នានូវការលេងកីឡា តន្ត្រី និងការកម្សាន្ត។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងបន្ថែមនូវហាងកាហ្វេ និងកន្លែងធ្វើការរួមគ្នា (Co-working space) ដើម្បីក្លាយជាមជ្ឈមណ្ឌលជួបជុំបែបយុវវ័យសម័យថ្មី និងសហគមន៍អ្នកច្នៃប្រឌិត។
គូសបញ្ជាក់ថា បេសកកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុន Sabay គឺការក្លាយជា «វេទិកាដ៏រឹងមាំ» សម្រាប់គាំទ្រផលិតករ អ្នកនិពន្ធ និងអ្នកបង្កើតមាតិកាភាពយន្ត៕










