ភាពជោគជ័យរបស់យន្តហោះចិន C919 អាចនឹងធ្វើឱ្យទីផ្សារផ្គត់ផ្គង់អាមេរិក ធ្លាក់ចុះ

អន្តរជាតិ

ការចាប់ផ្តើមឡើងដោយភាពជោគជ័យនៃយន្តហោះដឹកអ្នកដំណើរផលិតនៅក្នុងប្រទេសចិនដំបូងបង្អស់ ឈ្មោះថា C919 កំពុងជំរុញឱ្យមានការរំពឹងទុកខ្ពស់ថាខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះ នៅទីផ្សារក្នុងស្រុក នឹងមានការពង្រីកយ៉ាងឆាប់រហ័សបំផុត ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងព្យាយាមងាកចេញពីការពឹងផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនបរទេស Boeing និង Airbus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ ការដាក់ឱ្យហោះហើរជាផ្លូវការលើកដំបូងសម្រាប់យន្តហោះ C919 កាលពីថ្ងៃអាទិត្យ ពីទីក្រុងសៀងហៃ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដោយជោគជ័យ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយ សម្រាប់ប្រទេសចិន នៅក្នុងការបង្ហាញពីភាពគ្រប់គ្រាន់ទៅលើបច្ចេកវិទ្យារបស់ខ្លួន ដើម្បីអាចប្រឈមមុខជាមួយនឹងភាពតានតឹងកាន់តែខ្លាំង ជាមួយសហរដ្ឋអាមេរិក ។

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ពី China Securities បានអះអាងថា មានក្រុមហ៊ុនចិនប្រហែល ២០០ បានចូលរួម នៅក្នុងការផលិតយន្តហោះ C919 នេះ។ ហើយបើទោះបីជាផ្នែកខ្លះរបស់យន្តហោះនេះ ត្រូវបាននាំចូលពីក្រៅប្រទេសក៏ដោយ ប៉ុន្តែចិន នៅតែរំពឹងថានាពេលខាងមុខ វានឹងត្រូវជំនួសដោយការផលិត នៅក្នុងស្រុកវិញ ។

លើសពីនេះ គណ:កម្មការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងសៀងហៃ បាននិយាយថា បើទោះបីជាស្ថិតនៅក្នុងការអភិវឌ្ឍក៏ដោយ ប៉ុន្តែយន្តហោះ C919 នេះ ទទួលបានការបញ្ជាទិញពីក្រុមហ៊ុន ៣២ រួចមកហើយ នៅក្នុងចំនួនប្រមាណ ១ ០៣៥ គ្រឿង ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានសង្កត់ធ្ងន់អំពីការសារ:សំខាន់ ចំពោះការងាកមកផ្តោតលើការពឹងផ្អែកខ្លួនឯង នៅក្នុងឧស្សាហកម្មផលិតយន្តហោះ ដោយសារតែមានភាពមិនប្រាកដប្រជា លើការនាំចូលយន្តហោះពីសហរដ្ឋអាមេរិក ចំពេលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ ដែលថាចិន អាចនឹងប្រើប្រាស់ផលិតផលរបស់ខ្លួន ដើម្បីប្រើប្រាស់ក្នុងវិស័យស៊ីវិល និងយោធា។

ជម្រាបជូនផងដែរថា យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ ២០២០ ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថាក្រុមហ៊ុនអាមេរិក បានរួមចំណែកស្ទើតែ ៦០% នៅក្នុងការផ្គត់ផ្គង់យន្តហោះ សម្រាប់ទីផ្សារប្រទេសចិន ៕