ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីនេះថា លោកនឹងដាក់ពន្ធគយនាំចូលខ្ពស់ទៅលើប្រទេសនៅអឺរ៉ុបចំនួន ៨ ចាប់ពីខែកុម្ភៈតទៅ រហូតដល់សហរដ្ឋអាមេរិកអាចបញ្ចប់ការទិញយកកោះ Greenland មកគ្រប់គ្រងបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា ៖” ប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ បានបញ្ជូនកងកម្លាំងទៅកាន់កោះ Greenland សម្រាប់គោលបំណងមិនច្បាស់លាស់។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់បំផុតសម្រាប់សុវត្ថិភាព សន្តិសុខ និងការរស់រានមានជីវិតរបស់ភពផែនដី។ ប្រទេសដែលចូលរួមក្នុងល្បែងដ៏គ្រោះថ្នាក់បំផុតនេះ បានជំរុញឲ្យមានហានិភ័យដល់កម្រិតដែលមិនអាចទទួលយកបាន”។
មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិក នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីអាចធានាបានថា ស្ថានភាពដែលមានអាចមានគ្រោះថ្នាក់ទាំងនេះ នឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗ។
លើសពីនេះ នៅពេលត្រូវបានគេសួរនាំអំពីវិធានការទាំងនេះ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈតទៅ ប្រទេសទាំងអស់ដែលបានរៀបរាប់ខាងលើនឹងត្រូវទទួលរងនូវពន្ធគយ ១០% បន្ថែមលើទំនិញទាំងអស់ដែលនាំចូលទៅសហរដ្ឋអាមេរិក។ ហើយនៅថ្ងៃទី១ ខែមិថុនា ពន្ធគយនឹងបន្តកើនឡើងដល់ ២៥% ពោលគឺរហូតដល់ពេលអាមេរិក អាចឈានដល់កិច្ចព្រមព្រៀងពេញលេញ សម្រាប់ទិញយកកោះ Greenland មកគ្រប់គ្រង។
ជម្រាបជូនផងដែរថា យោងតាមលោក ត្រាំ សហរដ្ឋអាមេរិកធ្លាប់បានព្យាយាមទិញ Greenland ម្តងហើយម្តងទៀតក្នុងរយៈពេល ១៥០ឆ្នាំកន្លងមកនេះ ប៉ុន្តែប្រទេសដាណឺម៉ាកតែងតែបដិសេធជានិច្ច និងថែមទាំងបង្កត់ធ្ងន់ទៀតថា កោះនេះមិនមែនសម្រាប់លក់នោះឡើយ៕

