ហ្វីលីពីន ប្រកាសអនុម័តកាត់បន្ថយពន្ធនាំចូលគ្រប់យានយន្តអគ្គិសនីទាំងអស់

អន្តរជាតិ

យោងតាមការិយាល័យប្រធានាធិបតីហ្វីលីពីន នាពេលថ្មីៗនេះ បានធ្វើការប្រកាសថា ប្រទេសរបស់ខ្លួន នឹងកាត់បន្ថយអត្រាពន្ធលើការនាំចូលរថយន្តអគ្គិសនី គ្រឿងបង្គុំ និងគ្រឿងបន្លាស់ ដើម្បីជំរុញទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសនៅថ្ងៃទី ១៩ ខែមករាកន្លងទៅនេះ បានបង្ហាញថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos បានចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ ដោយផ្អែកលើអនុសាសន៍របស់រដ្ឋាភិបាល ដែលបានលើកឡើងអំពីការកាត់បន្ថយពន្ធចំពោះយានយន្តប្រភេទនេះ ។

គួររំលឹកផងដែរថា កាលពីខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅ ក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ (NEDA) បានស្នើសុំឱ្យមានការកាត់បន្ថយពន្ធជាបណ្តោះអាសន្នទៅលើការនាំចូលយានយន្តអគ្គិសនីគ្រប់ប្រភេទ ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងបង្គុំ ពីគ្រប់ប្រទេស មកនៅត្រឹម ០% សម្រាប់រយ:ពេល ៥ ឆ្នាំ ប៉ុន្តែចំពោះចំណាត់ការនេះ មិនត្រូវបានអនុវត្តសម្រាប់រថយន្តប្រភេទ Hybrid នោះឡើយ ។

ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺមានគោលបំណងសំខាន់ ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរ ឆ្ពោះទៅកាន់បច្ចេកវិទ្យាថ្មី ដែលកំពុងតែមានភាពរីកចម្រើនខ្លាំង ក៏ដូចជាចង់លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យងាកមករករថយន្តដើរដោយថាមពលអគ្គិសនីវិញ ដើម្បីចូលរួមក្នុងកិច្ចការពារបរិស្ថាន ។

ជម្រាបជូនផងដែរថា វិស័យដឹកជញ្ជូន គឺជាប្រភពដ៏ធំបំផុតមួយនៃការបំពុលខ្យល់បរិយាកាស និងទាក់ទងចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងប្រទេស ខណ:ការដឹកជញ្ជូនតាមរយ:ផ្លូវគោក មានចំនួនដល់ ៨០% ឯណោះ នៃការបំភាយឧស្ម័នពុលទាំងនេះ ៕