ឥណ្ឌូនេស៊ី អនុម័តទឹកប្រាក់ជាង ១ពាន់លានដុល្លារបន្ថែម ដើម្បីពន្លឿនលើការបង្កើតរដ្ឋធានីថ្មី

អន្តរជាតិ

ថ្មីៗនេះ គណ:កម្មាធិការបែងចែកថវិការបស់ឥណ្ឌូនេស៊ី បានសម្រេចធ្វើការអនុម័តទឹកប្រាក់ចំនួន ១៥ទ្រីលានរីងហ្គីត (១,០១ពាន់លានដុល្លារ) បន្ថែមទៀត ដើម្បីពន្លឿនទៅលើការបង្កើតរដ្ឋធានីថ្មី Nusantara របស់ខ្លួន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តីរបស់ប្រធានគណ:កម្មាធិការ លោក Said Abdullah បាននិយាយថា ទឹកប្រាក់បន្ថែមទៀតនេះ នឹងផ្តល់ដើម្បីពន្លឿនដល់ការបង្កើតរដ្ឋធានីថ្មី នៅឆ្នាំនេះ ពោលគឺបន្ថែមពីលើទឹកប្រាក់ចំនួន ២២ទ្រីលានរីងហ្គីត ដែលត្រូវបានបែងចែកកាលពីមុន សម្រាប់ការអភិវឌ្ឍរដ្ឋធានី Nusantara ក្នុងឆ្នាំ ២០២៣ នេះ។

គួរឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី កំពុងជំរុញឱ្យមានការបញ្ចប់ទៅលើការបង្កើតការិយាល័យរដ្ឋបាលសំខាន់ៗ នៅក្នុងរដ្ឋធានីថ្មីរបស់ខ្លួន រួមទាំងវិមានប្រធានាធិបតី និងអគាររដ្ឋមន្ត្រីសំខាន់ៗផ្សេងទៀត សម្រាប់មន្ត្រីរាជការ យោធា និងប៉ូលិស ដែលត្រូវបានរំពឹងថាយ៉ាងហោចណាស់ ១ ៦០០ នាក់ នឹងត្រូវផ្លាស់ទៅកាន់ទីនោះ នៅឆ្នាំក្រោយ ។

យ៉ាងណាមិញ បើតាមប្រធានាធិបតី លោក Joko Widodo បានបង្ហាញឱ្យដឹងថា គម្រោងរដ្ឋធានីថ្មីនេះ នឹងមានតែ ២០% ប៉ុណ្ណោះ នៃការចំណាយសរុបចំនួន ៣២ពាន់លានដុល្លារ ​ដែលនឹងជាបន្ទុករបស់រដ្ឋាភិបាល ខណ:ចំនួនទឹកប្រាក់ ដែលនៅសេសសល់ នឹងទទួលបានពីវិស័យឯកជន ។​

ជម្រាបជូនផងដែរថា រដ្ឋាធានីថ្មីនេះ នឹងមានចម្ងាយប្រហែល ២ ០០០ គីឡូម៉ែត្រពីភាគឦសាននៃទីក្រុងហ្សាកាតា ហើយបើទោះបីជារដ្ឋធានីត្រូវបានផ្លាស់ប្តូរទៅ Nusantara ក៏ដោយ ប៉ុន្តែទីក្រុង Jakarta នឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏សំខាន់ របស់ប្រទេសឥណ្ឌូនេស៊ីដដែល ៕