UNICEF ផ្តល់ឧបករណ៍វេជ្ជសាស្រ្ត ដែលមានតម្លៃជាង ៧លានដុល្លារ សម្រាប់ប្រទេសកម្ពុជា

អន្តរជាតិ

មូលនិធិសម្រាប់កុមារ របស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNICEF កាលពីថ្ងៃទី ១២ ខែមិថុនា កន្លងទៅ បានប្រគល់ជូនឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃជាង ៧លានដុល្លារ ដល់ក្រសួងសុខាភិបាលប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសដោយអង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ឧបករណ៍វេជ្ជសាស្រ្ត ដែលបានប្រគល់ជូនមកឱ្យកម្ពុជានោះ រួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន មូនីទ័រអ្នកជំងឺ ឧបករណ៍វាស់ជីពចរ ឧបករណ៍សង្គ្រោះបន្ទាន់ និងឧបករណ៍ព្យាបាលដោយអុកស៊ីសែនផ្សេងទៀត ដែលនឹងត្រូវចែកចាយទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១ រួមទាំងមន្ទីពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក និងមណ្ឌលសុខភាព នៅទូទាំងប្រទេសកម្ពុជា នៅប៉ុន្មានសប្តាហ៍ខាងមុខ។

គួរឱ្យដឹងថា សម្រាប់ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ UNICEF ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា សម្រាប់ការថែនាំសុខភាពបឋម ប្រកបដោយសមធម៌ បន្ទាប់ពីការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការ UNICEF ប្រចាំកម្ពុជា បានថ្លែងក្នុងពិធីប្រគល់ឧបករណ៍វេជ្ជសាស្រ្តនេះថា ៖ ” ក្នុងអំឡុងពេលកូវីដ-១៩ យើងឃើញថាការទទួលឧបករណ៍អុកស៊ីសែន មានភាពមិនស្មើគ្នា នៅក្នុងសកលលោក ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមភាគច្រើន។ យើងមានមោទនភាព ក្នុងការចូលរួមចំណែកជាសកល ក្នុងការដោះស្រាយគម្លាតសមធម៌នេះ ទន្ទឹមនឹងការលើកកម្ពស់សមត្ថភាពរបស់កម្ពុជា ចំពោះវិធានការសង្គ្រោះជីវិត សម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ ” ។

ជម្រាបជូនផងដែរថា ចាប់តាំងពីជំងឺកូវីដ-១៩ រាតត្បាតក្នុងឆ្នាំ ២០២០ មក អង្គការ UNICEF បានផ្តល់ឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ នូវទឹកប្រាក់ជាង ៤៤លានដុល្លាររួចមកហើយ ក្នុងការផ្គត់ផ្គត់ បរិក្ខារពេទ្យ និង​ទូ​ត្រជាក់ខ្លាំង សម្រាប់ដាក់វ៉ាក់សាំង និងថ្នាំ កូវីដ-១៩ ដោយទទួលបានការគាំទ្រពិដៃគូដូចជាទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងរដ្ឋាភិបាលប្រទេសជប៉ុន អូស្រ្តាលី និង​សាធារណ:​រដ្ឋឆែក ផងដែរ ៕