បញ្ហាធំៗ ៤ ដែលធ្វើឱ្យលោកស្រី Yellen ពិបាកជួសជុលទំនាក់ទំនងអាមេរិក-ចិន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Janet Yellen កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន ជាមួយគោលបំណងបង្កើត ទំនាក់ទំនង រវាងអាមេរិក និងចិនឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែបញ្ហាដែលត្រូវដោះស្រាយរវាងប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថាមានភាពស្មុគស្មាញខ្លាំង ខណៈអ្នកជំនាញលើកហេតុផលធំៗចំនួន ៤ ដែលជាអំណះអំណាងថា បញ្ហារវាងចិន និងអាមេរិក មិនមែនជារឿងងាយស្រួលឡើយ។

១. សង្គ្រាមបន្ទះឈីប

ភាពច្របូកច្របលទៅលើអនាគតនៃការផលិតបន្ទះឈីប semiconductors ហាក់បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។ ខណ:ពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែបន្តគម្រាមកំហែងទៅកាន់សហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ជាមួយនឹងការដាក់កំហិតទៅលើការនាំចេញលើវត្ថុធាតុដើមធំពីរគឺ ហ្គាលីញ៉ូម និងហ្រ្គេម៉ាញ៉ូម ដែលមានសារៈសំខាន់បំផុត ចំពោះឧស្សាហកម្មផលិតបន្ទះឈីបពិភពលោក។

យ៉ាងណាមិញ នេះជាវិធានការក្តៅទី ២ ហើយ របស់ចិន ដើម្បីប្រឆាំងតបតទៅកាន់សហរដ្ឋអាមេរិកវិញ ចាប់តាំងពីខ្លួនទទួលបានការហាមប្រាមពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញការលក់បន្ទះឈីបទំនើបមកកាន់ប្រទេសចិន ដែលត្រូវបានប្រកាសដោយរដ្ឋបាលប្រធានាធិបតី លោក Joe Biden កាលពីឆ្នាំមុន។

២. ការវាយឆ្មក់ទៅលើអាជីវកម្មអាមេរិក

ការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទៅលើក្រុមហ៊ុនអាមេរិក ក៏ជាហេតុផលមួយ ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពប្រេះស្រាំមួយកម្រិតទៀតផងដែរ។ ខណ:កាលពីខែមេសា ចិន បានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយច្បាប់ប្រឆាំងចារកម្មរបស់ខ្លួន ជាមួយនឹងការបង្កើនការឃ្លាំមើលទៅលើសកម្មភាពផ្សេងៗ របស់ក្រុមហ៊ុនក្រៅប្រទេស ដែលអាចចាត់ទុកជាទង្វើចារកម្ម។

មិនតែប៉ុណ្ណោះ កាលពីពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីចិន បានបើកការវាយឆ្មក់របស់ខ្លួន ទៅលើក្រុមហ៊ុនបរទេសមួយចំនួនរួចមកហើយ ដូចជា Capvision, Bain & Company និង Mintz Group ដោយចោទប្រកាន់ថាមានទាក់ទងជាមួយនឹងការលេចធ្លាយព័ត៌មានយោធាដ៏រសើប ដល់កងកម្លាំងបរទេស។

៣. ការរឹតបន្តឹងដែលអាចកើតមានលើការវិនិយោគ នៅក្នុងប្រទេសចិន

ចាប់តាំងពីដើមឆ្នាំនេះមក រដ្ឋបាលរបស់ប្រធានាធិបតី Biden បាននិងកំពុងគិតគូអំពីច្បាប់ថ្មី ដែលអាចកំណត់ទៅលើការវិនិយោគ នៅក្នុងផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលគ្រប់គ្រងដោយម្ចាស់អាជីវកម្មអាមេរិក ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាននិងកំពុង​ពិនិត្យ​មើល​ការ​វិនិយោគរបស់ប្រជាជនខ្លួន ទៅលើប្រទេសចិន ជាយូរមកហើយ។ ខណ:ច្បាប់គ្រប់គ្រងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅបរទេសថ្មីមួយ នឹងក្លាយជាជំហានបន្ទាប់ នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយ ដើម្បីធ្វើឱ្យប្រទេសចិនកាន់តែពិបាក ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសំខាន់ៗ ដែលអាចគាំទ្រដល់វិស័យយោធារបស់ខ្លួន។

៤. គោលនយោបាយកាត់បន្ថយហានិភ័យពីចិន

ប្រធានាធិបតី ចូ បៃដិន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីបំណងប្រាថ្នាកាត់បន្ថយការពឹងផ្អែកលើចិន ដើម្បី “ផ្តាច់ហានិភ័យ” នាថ្ងៃមុខ ដោយសារតែទទួលបានមេរៀនមួយរួចមកហើយ ពោលអឺរ៉ុប ធ្លាប់តែពឹងលើការនាំចូលថាមពលពីរុស្ស៊ី ប៉ុន្តែតាំងពីពួកគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី EU ក៏រងបញ្ហាកង្វះថាមពល។

ជុំវិញក្តីបារម្ភនេះ បាននាំឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីដកប្រទេសចិនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យា ដែលអាចផ្ដល់ប្រយោជន៍សម្រាប់កងកម្លាំងយោធារបស់ចិន។

គោលនយោបាយមួយនេះ ក៏ជាដើមចមធំបំផុតមួយដែលធ្វើឲ្យមហាអំណាចសេដ្ឋកិច្ចអាស៊ី និងអាមេរិក មើលមុខគ្នាមិនចំផងដែរ៕