សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីចិន ប្ដេជ្ញាបង្កើនផលប្រយោជន៍ ជូនប្រជាជាតិទាំង២

អន្តរជាតិ

នារសៀលថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំទ្វេភាគីក្រៅផ្លូវការ ជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ខណៈថ្នាក់ដឹកនាំទាំង២ សុទ្ធតែសម្ដែងការអបអរសាទរ និងប្ដេជ្ញាបន្តបង្កើនផលប្រយោជន៍​ជូនប្រទេសជាតិរៀងៗខ្លួន ដោយឈរលើគោលការណ៍មិត្តភាពដ៏រឹងមាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ពី​គោលបំណងចង់បង្កើត និងបង្កើនឧត្ដមប្រយោជន៍បន្ថែម សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ រវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិននាពេលខាងមុខដ៏ខ្លីនេះ។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីចិន Li Qiang ក៏បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និង រូប ឯកឧត្តម ផ្ទាល់ ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និង នឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និង ប្រទេសកម្ពុជា៕