អ្នកមានដាច់គេនៅអឺរ៉ុប កំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញករណីលាងលុយ

អន្តរជាតិ

កាលពីថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ មហាសេដ្ឋីបារាំង Bernard Arnault និងមហាសេដ្ឋីរុស្ស៊ី Nikolai Sarkisov កំពុងស្ថិត្​ក្រោមការស៊ើប​អង្កេតជុំវិញករណីលាងលុយកខ្វក់ នៅរីសតប្រណីត Alpine។ នេះបើតាមការចុះផ្សាយពីគេហទំព័រ France24។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះសារព័ត៌មានបារាំង Le Monde បានរាយការណ៍ថា មហាសេដ្ឋីរុស្ស៊ីវ័យ ៥៥ឆ្នាំ ធ្លាប់បានទិញផ្ទះ ១៤ខ្នង ពីបុគ្គលម្នាក់ក្នុងឆ្នាំ២០១៨ សរុបជាទឹកប្រាក់ប្រមាណ ១៧លានដុល្លារ ខណៈគេសង្ស័យថាអ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault ជាអ្នកផ្ដល់ប្រាក់កម្ចីទៅកាន់​មហាសេដ្ឋីរុស្ស៊ីម្នាក់នេះ។

ក្រៅពីផ្ទះ ១៤ខ្នងនោះ ក្រុមហ៊ុនរបស់លោក Sarkisov ដែលមានទីតាំងនៅបារាំងគឺ La Fleche ក៏បាន​ទិញក្រុមហ៊ុនអចលនទ្រព្យ ៣ទៀត ប៉ុន្តែនៅក្នុងការចុះបញ្ជី បែរជាមិនមានឈ្មោះ​របស់​មហាសេដ្ឋីរុស្ស៊ីម្នាក់នេះទៅវិញ។

មហាសេដ្ឋីបារាំង កំពុងត្រូវបានគេសង្ស័យថា បានផ្ដល់ប្រាក់កម្ចីឲ្យលោក Sarkisov ប្រមាណជិត ២០លានដុល្លារ ជាថ្នូរ​នឹងការទិញយកក្រុមហ៊ុន La Fleche ដើម្បីប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។

ជម្រាបដែរថា មកទល់នឹងពេលនេះ ក្រុមការងារស៊ើបអង្កេតនៃក្រសួងហិរញ្ញវត្ថុបារាំង កំពុងបើក​ការស៊ើបអង្កេតជុំវិញករណីមួយនេះ ខណៈបច្ចុប្បន្ននៅមិនទាន់មានតម្រុយអ្វីថ្មីនៅឡើយ៕