ថៃ និងវៀតណាមចាប់ដៃគ្នាលើកដំបូង បង្កើនតម្លៃអង្ករលើទីផ្សារអន្តរជាតិ

អន្តរជាតិ

យោងតាមមន្ត្រីកសិកម្មរបស់ថៃ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសថៃ និងវៀតណាម បានព្រមព្រៀងសហការគ្នា ក្នុងការបង្កើនតម្លៃអង្ករ នៅលើទីផ្សារពិភពលោក បន្ទាប់ពីមានកិច្ចពិភាក្សាជាច្រើនខែ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំឡុងជួបជាមួយមន្ត្រីវៀតណាមថា ៖ ” នេះជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាម បានយល់ព្រមសហការគ្នា ក្នុងការបង្កើនតម្លៃអង្ករនៅលើទីផ្សារពិភពលោក” ។

គួរឱ្យដឹងថា ប្រទេសថៃ និងវៀតណាម គ្រោងអនុវត្តកិច្ចចរចារវាងប្រទេសទាំងពីរជាលើកដំបូង ក្រោយចាប់ផ្តើមបើកការពិភាក្សា តាំងពីខែឧសភា ចំពោះការដំឡើងថ្លៃនៃការនាំចេញអង្ករ ដើម្បីបង្កើតអានុភាពប្រទេសទាំងពីរ នៅក្នុងទីផ្សារពិភពលោក និងជំរុញដល់ការបង្កើនប្រាក់ចំណូលសម្រាប់កសិករ ។

គួរឱ្យដឹងថា ប្រទេសទាំងពីរមានគ្រប់គ្រងប្រហែល ១០% នៃផលិកម្មអង្ករពិភពលោក និងប្រហែល ២៦% នៃការនាំចេញសកល ។ នេះបើយោងតាមក្រសួងកសិកកម្មរបស់សហរដ្ឋអាមេរិក បានបង្ហាញឱ្យដឹង ។

យ៉ាងណាក៏ដោយ វានៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ អំពីចំនួនជាក់លាក់ នៅពេលតម្លៃអង្ករត្រូវបានដំឡើង ខណ:លោក Alongkorn បាននិយាយថា សេចក្តីសម្រេចចុងក្រោយ នៃកិច្ចពិភាក្សា និងអនុសាសន៍ ដើម្បីរួមគ្នា ដំឡើងថ្លៃអង្ករ នឹងត្រូវបានដាក់បង្ហាញដល់រដ្ឋមន្ត្រីកសិកម្មនៃប្រទេសទាំងពីរជាមុនសិន ។

“ គោលដៅនៃការដំឡើងថ្លៃនេះ អាចសម្រេចបានឬអត់ ខ្ញុំមិនទាន់អាចប្រាប់បាននៅឡើយទេ។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ យើងបានបោះជំហានដំបូងរបស់យើង ដើម្បីរួមគ្នា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យកសិកម្ម ” ។ នេះបើតាមសម្តីលើកឡើងរបស់លោក Alongkorn ៕