ថៃ គ្រោងកាត់បន្ថយថ្លៃទិដ្ឋាការ សម្រាប់ពលករមកពីប្រទេសអាស៊ានចំនួន៤

អន្តរជាតិ

ក្រសួងការងាររបស់ប្រទេសថៃ បានប្រកាសចេញពីការកំណត់តម្លៃថ្មី សម្រាប់ការត្រួតពិនិត្យ និងការចេញ​ប័ណ្ណ​ការងារសម្រាប់ពលករបរទេសមកពីប្រទេសចំនួន ៤ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ មានន័យថាតម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសទាំងបួន នឹងត្រូវកាត់បន្ថយពី ២ ០០០បាត មកនៅត្រឹម ៥០០បាត និងតម្លៃសម្រាប់ការស្នើសុំស្នាក់នៅបណ្តោះអាសន្នវិញ នឹងត្រូវកាត់បន្ថយពី ១ ៩០០បាត មកនៅត្រឹម ៥០០បាត ផងដែរ។

ចំពោះច្បាប់ថ្មីនេះ នឹងសុពលភាពរយ:ពេល ៤ ឆ្នាំ ដោយនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តទៅ ហើយនឹងត្រូវបានអនុវត្តចំពោះពលករមកពីប្រទេសទាំង៤ ដែលចូលមកប្រទេសថៃ ដើម្បីធ្វើការដោយផ្អែកលើកិច្ចសន្យាការងារ ឬអនុស្សរណៈនៃការយោគយល់គ្នា (MOU) ទាក់ទងនឹងការជ្រើសរើសពលករ។

ក្រសួងការងារប្រទេសថៃ បានសង្កត់ធ្ងន់ថា ចំពោះវិធានការថ្មីនេះ គឺស្របតាមវិធីសាស្រ្តរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសខ្លួន និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

យោងតាមព័ត៌មានទទួលបានពីនាយកដ្ឋានរដ្ឋបាលការងារបរទេសរបស់ប្រទេសថៃ បានឱ្យដឹងថា ក្នុងខែកញ្ញា ប្រទេសថៃមានពលករបរទេសសរុបចំនួន ២ ៥៩៣ ៤៣៩ នាក់ ហើយនៅមានកម្មករប្រមាណ ១ លាននាក់ទៀត កំពុងដំណើរការដាក់ពាក្យស្នើសុំប័ណ្ណការងារ៕