ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងពិចារណាលើសំណើចុងក្រោយរបស់អ៊ីរ៉ង់ នៅក្នុងពេលដ៏ខ្លីនេះ ចំពេលស្ថានភាពហាក់កំពុងមានធូស្រាលឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២ ខែមេសា លោក ត្រាំ បានសរសេរថា លោកនឹងពិនិត្យឡើងវិញនូវផែនការរបស់អ៊ីរ៉ង់ដែលទើបនឹងផ្ញើមក នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានបង្ហាញការសង្ស័យផងដែរ ជុំវិញការទទួលយកសំណើនេះ ដោយសារតែអ៊ីរ៉ង់មិនទាន់បង់ថ្លៃសងគ្រប់គ្រងនូវអ្វីដែលពួកគេបានធ្វើចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល ៤៧ឆ្នាំកន្លងមកនេះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលឡើងយន្តហោះ Air Force One លោកប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា អ៊ីរ៉ង់ មានចេតនាផ្ញើនូវសំណើចរចាដែលចេញពីពាក្យពេចន៍ពិតប្រាកដ ហើយថាលោកនឹងផ្តល់ព័ត៌មានថ្មីៗ នៅពេលក្រោយ។
គួរឲ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim និង Fars News ពីមុនបានរាយការណ៍ថា មន្ត្រីអ៊ីរ៉ង់បានដាក់សំណើចរចា ១៤ ចំណុចទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន។ នេះជាការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើប្រាំបួនចំណុចមុនរបស់ទីក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការប្រយុទ្ធគ្នាបានបញ្ឈប់ បន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ដើម្បីអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ចរចា។ តែទោះជាយ៉ាងណាក អ៊ីរ៉ង់នៅបន្តរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៃច្រកសមុទ្រ Hormuz ខណៈដែលសហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវលើកំពង់ផែអ៊ីរ៉ង់ជាការសងសឹក៕

