១១ ខែមកនេះ វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មជាង ២៤ ពាន់លានដល្លារ 

អន្តរជាតិ

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិទូទៅ (GSO) បានចេញផ្សាយថា វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មចំនួន ២៤,៤៤ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Plus ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យបានរាយការណ៍ថា ចំណូលនៃការនាំចេញ នាំចូលសរុបនៃទំនិញមានចំនួន ៥៨៧,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចេញថយចុះ ៦,៤% និងការនាំចូលធ្លាក់ចុះ ១១,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យក្នុងស្រុកហាក់បីកំពុងមានឱនភាពពាណិជ្ជកម្មជាង ១៩ ពាន់លានដុល្លារ ហើយវិស័យវិនិយោគបរទេស (រួមទាំងប្រេងឆៅ) បានប្រកាស អតិរេកពាណិជ្ជកម្មចំនួន ៤៣,៤៩ ពាន់លានដុល្លារផងដែរ។ 

ក្នុងនោះ ​នារយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ នេះ ផលិតផលចំនួន ៣៣ មុខបានប្រកាសពីចំណូលនៃការនាំចេញលើសពី ១ ពាន់លានដុល្លារ ឬស្មើនឹង ៩២,៩% នៃចំនួនផលិតផលសរុបរបស់ប្រទេស។ ជាពិសេស ទំនិញចំនួនប្រាំពីរមុខបានកត់ត្រាទំហំនៃការនាំចេញជាង ១០ ពាន់លានដុល្លារ ដែលស្មើនឹង ៦៦,១% ។

មិនត្រឹមតែប៉ុណ្ណោះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា ក្រសួងនឹងជំរុញការចរចាចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ក៏ដូចជាការប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូដែលមានសក្តានុពលបន្ថែមទៀត ដើម្បីធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់៕