ប្រធានាធិបតីរុស្ស៊ី គ្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ានាសប្ដាហ៍នេះ

អន្តរជាតិ

ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចការងារនៅសហព័ន្ធអារ៉ាប់រួម (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ushakov បានលើកឡើងទៀតថា ប្រធានាធិបតីរុស្ស៊ីនឹងធ្វើដំណើរទៅកាន់ UAE ជាមុនសិន ហើយបន្ទាប់មកនឹងឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចរចារជាចម្បងជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ផងដែរ។ 

ដំណើរទស្សនកិច្ចមួយនេះកើតឡើងបន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានប្រទេសទាំងបី បានយល់ព្រមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនចំពោះការកាត់បន្ថយទិន្នផលដោយស្ម័គ្រចិត្ត សរុបប្រហែល ២,២ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីជំរុញការធ្លាក់ថ្លៃប្រេងឆៅ។ 

យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំថ្មីៗនេះ លោកពូទីនកម្របានធ្វើដំណើរទៅក្រៅប្រទេសណាស់ ខណៈដែលដំណើរទស្សនកិច្ចចុងក្រោយរបស់លោក គឺទៅកាន់ប្រទេសចិន កាលពីខែតុលា។ ការដែលលោកពូទីន មិនសូវជាធ្វើដំណើរទៅក្រៅប្រទេស ក៏ដោយសារតែតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកចំពោះបទឧក្រិដ្ឋកម្មសង្គ្រាម និងទង្វើដែលរុស្ស៊ីបានលុកលុយទៅលើប្រទេសអ៊ុយក្រែន ។ 

ទោះជាយ៉ាងណាក៏ដោយ ទាំងអារ៉ាប៊ីសាអូឌីត និង UAE មិនមែនជាសមាជិកនៃ ICC នោះទេ ដូច្នេះហើយលោកពូទីនអាចធ្វើដំណើរទៅកាន់ប្រទេសទាំងពីរបានយ៉ាងមានសុវត្ថិភាព និងគ្មានការចាប់ខ្លួន៕