BREAKING NEWS: ក្រុមហ៊ុនChina Evergrande ត្រូវបានបញ្ជាឲ្យរំលាយក្រុមហ៊ុន ក្រោយដោះបំណុលមិនរួច

អន្តរជាតិ

នាព្រឹកថ្ងៃទី២៩ ខែមករា តុលាការក្រុងហុងកុង​បានសម្រេចបញ្ជាឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande ត្រូវតែរំលាយក្រុមហ៊ុនចោល បន្ទាប់ពីបរាជ័យក្នុងការទូទាត់បំណុល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចចិត្តរបស់តុលាការកំពូលក្រុងហុងកុងត្រូវបានធ្វើឡើង បន្ទាប់ពីមានភាពឆ្អែតឆ្អន់​ជាមួយនឹងក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក ពោលបើទោះជាទុកពេលឲ្យ China Evergrande រយៈពេលច្រើនជាង ១៨ខែ ដើម្បីរកដំណោះស្រាយជាមួយម្ចាស់បំណុល ក៏ក្រុមហ៊ុនចិនមួយនេះមិនអាចស្វែងរកមធ្យោបាយ ទូទាត់បំណុលបានដដែល។

រំលឹកបន្តិចថា កាលពីឆ្នាំ២០២១ ក្រុមហ៊ុន China Evergrande បានប្រកាសពីបំណុល ដែលមានរហូតដល់ ៣០០ពាន់លានដុល្លារ និងបានអូសទាញវិស័យអចលនទ្រព្យនៅក្នុងប្រទេស ធ្លាក់ក្នុងរណ្ដៅជាមួយខ្លួនដែរ។

គិតត្រឹមថ្ងៃទី២៩ ខែមករានេះ តម្លៃក្រុមហ៊ុនទាំងមូលរបស់ China Evergrande មានប្រហែល ២៤០ពាន់លានដុល្លារ ដូច្នេះបើសិនជាលក់ក្រុមហ៊ុនទាំងមូល ក៏មិនមានលទ្ធភាពសងបំណុលនេះរួចដែរ ដូច្នេះហើយទើបតុលាការសម្រេចឲ្យមានការ​រំលាយក្រុមហ៊ុន លក់ចេញជាបន្ទាន់ដើម្បីទូទាត់សាច់ប្រាក់ដល់ម្ចាស់បំណុលនានាតែម្ដង។

សូមជម្រាបបន្ថែមថា ការបញ្ជាឲ្យរំលាយក្រុមហ៊ុន China Evergrande គឺជាសញ្ញាមិនល្អឡើយ សម្រាប់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុនៅប្រទេសចិន ដ្បិតបច្ចុប្បន្នបើទោះជារដ្ឋាភិបាល​កំពុងព្យាយាមរកវិធានការស្ដារវិស័យអចលនទ្រព្យបែបណា ក៏ពួកគេនៅតែជួបជាមួយវិបត្តិ​ជាច្រើន តួយ៉ាងមុនសេចក្ដីប្រកាសរំលាយក្រុមហ៊ុន China Evergrande មានក្រុមហ៊ុនអចលនទ្រព្យយ៉ាងហោចណាស់ចំនួន៣ ក៏ត្រូវបានតុលាការហុងកុង​បញ្ជាឲ្យរំលាយក្រុមហ៊ុន ក្រោមហេតុផលគ្មានលទ្ធភាពសងបំណុលដូចគ្នា៕