លោកថាក់ស៊ីន អាចរស់នៅក្រៅឃុំនាខែក្រោយ ដោយសារកត្តាពីរយ៉ាង

អន្តរជាតិ

សារព័ត៌មាន CNA បានចុះផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងជាប់ពន្ធនាគារនោះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដោះលែងឲ្យនៅក្រៅឃុំនាខែក្រោយ ដោយសារតែអាយុរបស់គាត់កាន់តែច្រើន និងបញ្ហាសុខភាពចុះទ្រុតទ្រោម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបានសួរថា ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យទៅលើបញ្ហាអាយុ ក៏ដូចជាបញ្ហាសុខភាព តើលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាអាចនឹងត្រូវបានដោះលែងដែរឬក៏យ៉ាងណានៅខែកុម្ភៈខាងមុខ? លោក Sitthi Sutivong អគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារថៃបានប្រាប់ថា ខាងនាយកដ្ឋានរបស់លោកនៅមិនទាន់ទទួលបានសំណើជាផ្លូវការ ពាក់ព័ន្ធអំពីការដោះលែងលោកថាក់ស៊ីន ពីពន្ធនាគារ Remand ទីក្រុងបាងកកនៅឡើយនោះទេ។

គួរបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់មកកាន់មាតុប្រទេសវិញកាលពីខែសីហា ឆ្នាំ២០២៣ លោកថាក់ស៊ីនដែលបច្ចុបន្នមានវ័យ ៧៤ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ក៏ប៉ុន្តែមិនទាន់បានប៉ុន្មានម៉ោងផង រូបលោកក៏ត្រូវចូលសម្រាកក្នុងមន្ទីពេទ្យប៉ូលិសវិញ ដោយសារតែមានអាការៈតឹងទ្រូង និងឡើងសម្ពាធឈាមខ្ពស់។

សូមជម្រាបផងដែរថា អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦។ រូបលោកក៏ធ្លាប់ជាអតីតមហាសេដ្ឋីទូរគមនាគមន៍ និងក៏ធ្លាប់ជាម្ចាស់ក្លឹបបាត់ទាត់នៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស Manchester  City ផងដែរ។ ម្យ៉ាងវិញទៀត លោកក៏ធ្លាប់ត្រូវបានរបបយោធាចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងរំលោភអំណាចថែមទៀត។

មិនត្រឹមតែប៉ុណ្ណោះ លោកថាក់ស៊ីន​ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីក្នុងឆ្នាំ២០០៨​ ចំណែកឯប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី Yingluck Shinawatra ត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារមួយផ្សេងទៀតកាលពីក្នុងឆ្នាំ២០១៤ ផងដែរ៕