ព្រះចៅ Sultan Ibrahim ជាព្រះមហាក្សត្រមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារ

អន្តរជាតិ

ព្រះចៅ Sultan Ibrahim Iskandar ដែលទើបតែឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ីថ្មី ជាស្តេចចូលចិត្តប្រើជីវិតផ្ទាល់ខ្លួនបែបហ៊ឺហារ និងមានទ្រព្យសម្បត្តិប្រមាណជាខ្ទង់ ៥,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះចៅ Sultan Ibrahim បច្ចុបន្នមានព្រះជន្មាយុ ៦៥ព្រះវស្សា។ ព្រះមហាក្សត្រម៉ាឡេស៊ីអង្គនេះ បានវិនិយោគប្រាក់ខ្ទង់ ១,១ពាន់លានដុល្លារទៅលើផ្សារហ៊ុន ក៏ដូចជាវិស័យអចលនទ្រព្យ ហើយទ្រង់ក៏មានភាគហ៊ុនចំនួន ៤៨៣លានដុល្លារនៅក្រុមហ៊ុន U Mobile ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំបំផុតមួយនៅប្រទេសម៉ាឡេស៊ី និងជាម្ចាស់ភាគហ៊ុនចំនួន ១០៥លានដុល្លារនៅក្នុងក្រុមហ៊ុនសាធារណៈ។ លើសពីនេះទៅទៀត ព្រះអង្គមានដីមួយកន្លែងតម្លៃខ្ទង់ ៤ពាន់លានដុល្លារនៅឯឧទ្យាន Tyersall ក្នុងប្រទេសសិង្ហបុរី ក៏ប៉ុន្តែដីនេះស្ថិតក្រោមកម្មសិទ្ធចុះបញ្ជីជាឈ្មោះព្រះរាជបុត្ររបស់ទ្រង់។

មិនត្រឹមតែប៉ុណ្ណោះ រឿងដែលគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតនោះ គឺថាជីវិតផ្ទាល់ខ្លួនរបស់ព្រះចៅ Sultan Ibrahim ចូលចិត្តប្រមូលទិញរថយន្តប្រណីតៗ ដោយសរុបទៅទ្រង់មានរថយន្តស៊េរីទំនើបប្រមាណ ៣០០គ្រឿងឯណោះ និងមានយន្តហោះផ្ទាល់ខ្លួនចំនួន ៤គ្រឿង ហើយក្នុងចំណោមយន្តហោះទាំងអស់នោះ ក៏មានប្រភេទយន្តហោះ Boeing 737 ចំនួនមួយគ្រឿងផងដែរ។

ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏ជាបុគ្គលដែលមានអ្នកតាមដាននៅក្នុងបណ្តាញសង្គមជាច្រើនម៉ឺននាក់ ដោយក្នុងនោះអ្នកតាមដានលើបណ្តាញសង្គម Facebook មានចំនួនដល់ទៅ ១លាននាក់ និងមានចំនួន ៩០០ ០០០នាក់លើបណ្តាញសង្គម Instagram ។

គួរជម្រាបថា ព្រះអង្គម្ចាស់ Sultan Ibrahim ធ្លាប់ត្រូវបានតែងតាំងជាអ្នកស្នងមរតក និងក៏ជាព្រះអង្គម្ចាស់នៃទីក្រុង Johor នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៨១ ហើយរហូតមកដល់ឆ្នាំ២០២៤នេះ ទ្រង់ត្រូវបានប្រកាសឲ្យឡើងសោយរាជ្យជាស្តេចទី១៧ នៃប្រទេសម៉ាឡេស៊ី តាមច្បាប់នៃការផ្លាស់ប្តូរវេនគ្នាឡើងសោយរាជក្នុងសែរាជវង្ស៕