មកស្គាល់មហាសេដ្ឋីថៃ ជាទាយាទស្នងមរតកចុងក្រោយ របស់ក្រុមហ៊ុនខ្នាតយក្ស King Power

អន្តរជាតិ

លោក Aiyawatt Srivaddhanaprabha ដែលជាប្រធានក្លិបបាល់ទាត់អង់គ្លេស Leicester City និងជាកូនប្រុសរបស់ស្ថាបនិកក្រុមហ៊ុន King Power ត្រូវបានចាត់ទុកថាជាទាយាទស្នងមរតកចុងក្រោយបង្អស់របស់គ្រួសារមហាសេដ្ឋីប្រទេសថៃ Srivaddhanaprabha ជាមួយទ្រព្យសម្បត្តិសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៣,៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ បានធ្វើឲ្យលោក Aiyawatt ជាប់នៅក្នុងចំណាត់ថ្នាក់លេខ៨ នៃបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៥០ ក្នុងប្រទេសថៃ របស់ទស្សនាវដ្តី Forbes សម្រាប់ឆ្នាំ២០២៣ ទៀតផង។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នមូលដ្ឋានគ្រឹះនៃ​អាណាចក្រ​មុខជំនួញរបស់គ្រួសារមហាសេដ្ឋី Srivaddhanaprabha ស្ថិតនៅក្នុងប្រទេសថៃ ចាប់តាំងពីឪពុករបស់លោក Aiyawatt គឺលោក Vichai Srivaddhanaprabha បានចាប់ផ្តើមអាជីវកម្មដំបូងរបស់ខ្លួន ជាមួយនឹងបើកហាងលក់ទំនិញមិនយកពន្ធ នៅកណ្តាលទីក្រុងបាងកក មុនពេលបង្កើតបានជាក្រុមហ៊ុន King Power ក្នុងឆ្នាំ១៩៨៩។

ទន្ទឹមនឹងនេះ របាយការណ៍ពីទស្សនាវដ្ដី Forbes បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន King Power កំពុងដំណើរការហាងទំនិញមិនយកពន្ធ ចំនួន ១១ កន្លែងនៅក្នុងអាកាសយានដ្ឋាន និងតំបន់ទេសចរណ៍នានាទូទាំងប្រទេសថៃ ដែលនេះបានធ្វើឲ្យក្រុមហ៊ុនកើនឡើងតម្លៃទីផ្សាររាប់ពាន់លានដុល្លារ។

ប្រភពដដែលនេះ បានគួសបញ្ជាក់ទៀតថា ការវិនិយោគដ៏សំខាន់មួយរបស់លោក Vichai ដែលជាម្ចាស់ក្រុមហ៊ុន King Power គឺការទិញយកក្លិបបាល់ទាត់អង់គ្លេស Leicester City នៅក្នុងឆ្នាំ២០១០ ប៉ុន្តែក្រោយកើតឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែតុលា ឆ្នាំ២០១៨ ក្លិបបាល់ទាត់នេះ ត្រូវបានផ្ទេរទៅឲ្យលោក Aiyawatt គ្រប់គ្រងវិញជំនួសវិញ ខណៈមហាសេដ្ឋីថៃម្នាក់នេះក៏ជាអ្នកកាន់កាប់អគារ King Power Mahanakhon នៅក្នុងទីក្រុង បាងកក ដែលមានកម្ពស់ ៧៩ជាន់ផងដែរ។

ជម្រាបជូនផងដែរថា លោក Aiyawatt ដែលបច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំ ទើបតែបានរៀបការជាមួយអ្នកនាង Nuntisa Tanyongvetch ដែលជាអ្នកស្នងមរតកពីក្រុមហ៊ុនម៉ាកយីហោឯកសណ្ឋានសិស្សលំដាប់កំពូលរបស់ថៃ ខណ:ពិធីមង្គលការនេះ ក៏មានការចូលរួមពីរាជវង្សអន្តរជាតិជាច្រើនរួមមាន ព្រះនាង Sirivannavari Nariratana នៃប្រទេសថៃ ព្រះនាង Azemah Bolkiah និងព្រះអង្គម្ចាស់ Mateen នៃប្រទេសប្រ៊ុយណេ ផងដែរ៕