មេដឹកនាំអ៊ុយក្រែនគ្រោងធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបខាងលិចចំនួនពីរ ដើម្បីកៀគរជំនួយជួយប្រទេស

អន្តរជាតិ

ស្របពេលដែលសន្និសីទសន្តិសុខទីក្រុង Munich នឹងត្រូវប្រារព្ធធ្វើឡើងនៅសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ត្រូវបានគេរាយការណ៍មកថា លោកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបខាងលិចចំនួនពីរ ក្នុងក្តីសង្ឃឹមថានឹងទទួលបានការគាំទ្រផ្នែកយោធាបន្ថែមទៀត មកកាន់ទីក្រុងគៀវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមប្រភពពីសារព័ត៌មាន Bloomberg បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចមួយនេះ លោក Zelensky ទំនងជានឹងទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំង និងទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់ ស្របពេលដែលមេដឹកនាំអ៊ុយក្រែនរូបនេះ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និសីទសន្តិសុខទីក្រុង Munich ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ដើម្បីលើកយកនូវការពិភាក្សាទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិសុខ សម្រាប់ប្រទេសអ៊ុយក្រែន។

គួរជម្រាបថា ការឈានជើងចូលទៅកាន់ប្រទេសអឺរ៉ុបខាងលិចសារនេះ កើតឡើងបន្ទាប់ពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជាពិសេសគ្រាប់រំសេវហាក់មានការធ្លាក់ចុះ ណាមួយសភាអាមេរិកក៏កំពុងតែតឹងសរសៃកដាក់គ្នា និយាយឲ្យចំគឺមានការជំទាស់ពីគណបក្សសាធារណរដ្ឋ ទាក់ទិនទៅនឹងថវិកាដែលពិបាកលូកចេញពីហោប៉ៅយកទៅជួយអ៊ុយក្រែន ខណៈលោក Zelensky ក៏កំពុងព្យាយាមរិះរកមធ្យោបាយក្នុងការតស៊ូមតិដើម្បីបន្ទន់ចិត្តម្ចាស់ជំនួយ បន្តផ្តល់ជំនួយបន្ថែមទៀត ទុកប្រើប្រាស់ទប់ទល់នឹងភ្លើងសង្គ្រាមកំពុងឆាបឆេះ ដែលបង្កឡើងដោយការឈ្លានពានពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ៕