រដ្ឋាភិបាលប៉ាគីស្ថាន យល់ព្រមផ្តល់ហិរញ្ញប្បទានជិត ៣០លានដុល្លារ ដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិ

អន្តរជាតិ

រដ្ឋាភិបាលប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ ទី២៧ ខែតុលាកន្លងទៅ បានធ្វើការអនុម័តសំណើផ្តល់ជូនហិរញ្ញប្បទានចំនួន ៨ពាន់លានរូពី (២៨,៦លានដុល្លារ) សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) ដើម្បីបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្តល់ជូននេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន បានបង្ខំចិត្តលុបចោលជើងហោះហើរនៅក្នុងស្រុក និងអន្តរជាតិជាច្រើន នៅក្នុងរយ:ពេលពីរសប្តាហ៍ចុងក្រោយនេះ ក្រោយក្រុមហ៊ុនប្រេងរដ្ឋប៉ាគីស្ថាន (PSO) បានផ្អាកការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដោយសារតែមិនព្រមបង់ប្រាក់។

តែទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ PIA លោក Abdullah Khan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ការផ្គត់ផ្គង់ប្រេងឥន្ធនៈនឹងចាប់ផ្តើមឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ហើយកាលវិភាគនៃជើងហោះហើរ ដែលរងផលប៉ះពាល់ដោយសារការខ្វះខាតប្រេងឥន្ធនៈកន្លងមក ក៏នឹងចាប់ផ្តើមត្រឡប់ទៅរកសភាពធម្មតាវិញផងដែរ” ។

ជម្រាបជូនផងដែរថា ចំពោះសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងត្រឹមរយ:មួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៨ពាន់លានរូពី សម្រាប់ក្រុមហ៊ុន PIA នៅក្នុងការដោះស្រាយបំណុលរបស់ពួកគេជាមួយក្រុមហ៊ុនប្រេងរដ្ឋ PSO ៕