កូរ៉េខាងត្បូង៖ កូរ៉េខាងជើង បានផ្គត់ផ្គង់គ្រាប់កាំភ្លើង ៦៧០០កុងតឺន័រ ទៅកាន់រុស្ស៊ី

អន្តរជាតិ

កូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងគ្រាប់កាំភ្លើងប្រហែល ៦៧០០កុងតឺន័រ ដែលមានគ្រាប់កាំភ្លើងរាប់សិបលានគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី តាំងពីខែកក្កដា សម្រាប់ការធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមក រដ្ឋាភិបាលក្រុងសេអ៊ូល និងអាមេរិក តែងតែអះអាងថា កូរ៉េខាងជើងបានសំងំ​ផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី បើទោះជាប្រទេសសម្ព័ន្ធមិត្តទាំង២ ប្រកែកជាញឹកញយ ស្របពេលកាលពីចុងសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិកបានទម្លាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបញ្ជូនអាវុធប្រហែល ១០ ០០០កុងតឺន័រ ទៅកាន់រុស្ស៊ី តាំងពីខែកញ្ញាម៉្លេះ។

ជាថ្នូរនឹងការផ្គត់ផ្គង់អាវុធ កូរ៉េខាងជើងទទួលបាននូវការនាំចូលអាហារប្រមាណ ៩ ០០០កុងតឺន័រពីប្រទេសរុស្ស៊ីវិញ ដើម្បីទុកជាស្បៀងបម្រុង ក៏ដូចជារក្សាតម្លៃអាហារក្នុងស្រុកឲ្យមានស្ថិរភាពផងដែរ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយក្រសួងការបរទេសអាមេរិក។

សូមជម្រាបដែរថា ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលកូរ៉េខាងជើង និងរុស្ស៊ី កំពុងព្យាយាមរឹតចំណងមិត្តភាពឲ្យកាន់តែខ្លាំងជាងមុន ដែលធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តនានា បង្ហាញការព្រួយបារម្ភ ជុំវិញការរីករាលដាលនៃសង្គ្រាម ដ្បិតកូរ៉េខាងជើង និងរុស្ស៊ី សុទ្ធសឹងតែជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ និងមានកងទ័ពរាប់សិបម៉ឺននាក់ឯណោះ៕