អតីតមន្ត្រីជំនិតរបស់លោក ត្រាំ ម្នាក់ គ្រោងទិញយក TikTok ពីក្រុមហ៊ុនចិន ByteDance

អន្តរជាតិ

លោក Steve Mnuchin ដែលជាអតីតរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក អំឡុងពេលលោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនាកន្លងទៅថា លោកកំពុងរៀបចំធ្វើការដេញថ្លៃក្នុងការទិញយកកម្មវិធី TikTok ចំពេលសភាអាមេរិក កំពុងបង្ខំឲ្យលក់កម្មវិធីដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងទៀតថា កាលពីថ្ងៃពុធ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តទៅលើច្បាប់ថ្មីមួយដែលបង្ខំឲ្យ TikTok ត្រូវដកខ្លួនចេញពីក្រុមហ៊ុនមេ ByteDance របស់ខ្លួន ឬមួយត្រូវបិទចោលទាំងស្រុងនៅក្នុងទឹកដីសហរដ្ឋអាមេរិកតែម្តង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ នៅមិនទាន់បានឆ្លងផុតដំណាក់កាលព្រឹទ្ធសភា នៅឡើយនោះទេ ដោយវាត្រូវបានគេរំពឹងទុកថា នឹងបន្តលើកយកមកពិភាក្សាបន្ថែមទៀត មុនពេលវាត្រូវបានអនុវត្តជាផ្លូវការ។

ជុំវិញស្ថានភាពបែបនេះ លោក Mnuchin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញនេះថា លោកកំពុងប្រមូលផ្តុំក្រុមអ្នកវិនិយោគ ដើម្បីទិញយកកម្មវិធី TikTok ពីក្រុមហ៊ុនមេរបស់ប្រទេសចិន នៅពេលដែលច្បាប់ថ្មីនេះ ត្រូវបានអនុម័តជាផ្លូវការ។

លើសពីនេះ លោក Mnuchin ដែលជាមន្ត្រីជាន់ខ្ពស់ដឹកនាំនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក នៅពេញមួយអាណត្តិរបស់លោក ត្រាំ បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន CNBC បន្ថែមទៀតថា ៖ “ខ្ញុំគិតថាច្បាប់ថ្មីនេះគួរតែអនុម័ត ហើយខ្ញុំគិតថា TikTok គួរតែត្រូវបានលក់។ នេះជាអាជីវកម្មដ៏អស្ចារ្យមួយ ហើយខ្ញុំនឹងប្រមូលផ្តុំក្រុមអ្នកវិនិយោគដើម្បីទិញវា។ កម្មវិធីនេះគួរតែជាកម្មសិទ្ធិរបស់អាជីវកម្មអាមេរិក។ ព្រោះថាវាគឺដូចគ្នា ដែលចិននឹងគ្មានថ្ងៃអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក ជាម្ចាស់អាជីវកម្មណាមួយ ក្នុងប្រទេសចិននោះឡើយ”៕