Nissan កំពុងដាក់គោលដៅលក់រថយន្តឲ្យបាន ១ លានគ្រឿង ក្នុងពេល ៣ឆ្នាំខាងមុខ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តលំដាប់កំពូលរបស់ប្រទេសជប៉ុន Nissan នៅថ្ងៃចន្ទ ទី២៥ ខែមីនានេះ បាននិយាយថា ខ្លួនកំពុងធ្វើការកំណត់គោលដៅលក់រថយន្តឲ្យបាន ១ លានគ្រឿងបន្ថែមទៀត ក្នុងរយ:ពេល ៣ឆ្នាំខាងមុខ និងរួមទាំងកាត់បន្ថយការចំណាយទៅលើផលិតរថយន្តអគ្គិសនីឲ្យបាន ៣០% ផងដែរ នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញផែនការអាជីវកម្មរយ:ពេលមធ្យមថ្មីនេះ ក្រុមហ៊ុន Nissan ក៏បាននិយាយទៀតផងដែរថា ខ្លួននឹងបញ្ចេញម៉ូដែលរថយន្តថ្មីៗចំនួន ៣០ បន្ថែមទៀត នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ ដោយក្នុងនោះ ១៦ ម៉ូដែល នឹងជាប្រភេទរថយន្តអគ្គិសនី។

ទន្ទឹមនឹងនេះ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ផែនការនេះនឹងអនុញ្ញាតឲ្យយើងឈានទៅមុខបន្ថែមទៀត និងលឿនជាងមុន ក្នុងការជំរុញទៅលើតម្លៃ និងការប្រកួតប្រជែង” ។

លោក Makoto បានបន្តទៀតថា ៖ “បើទោះបីជាត្រូវប្រឈមមុខនឹងការប្រែប្រួលទីផ្សារខ្លាំង តែ Nissan បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយផ្តោតទៅលើផែនការថ្មី ដើម្បីធានាបាននូវកំណើនប្រកបដោយនិរន្តរភាព និងប្រាក់ចំណេញ”។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Nissan កំពុងកំណត់គោលដៅរកប្រាក់ចំណេញទៅលើប្រតិបត្តិការលក់របស់ខ្លួន ឲ្យលើសពី ៦% នៅចុងឆ្នាំសារពើពន្ធ ២០២៦ ខាងមុខ ក៏ដូចជាដាក់គោលដៅក្នុងការបង្កើនប្រាក់ចំណេញរយៈពេលវែង ផងដែរ៕