EU គ្រោងបន្ថែមក្រុមហ៊ុនចិន និងឥណ្ឌា ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

អន្តរជាតិ

សមាជិកសភាអឺរ៉ុប កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមួយចំនួន នៅក្នុងប្រទេសចិន និងឥណ្ឌា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសរុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអឺរ៉ុប បានចុះបញ្ជីក្រុមហ៊ុនរបស់ប្រទេសចិនចំនួនបី បូករួមទាំងអាជីវកម្មមួយនៅក្នុងប្រទេសឥណ្ឌា និងក្រុមហ៊ុនមួយនៅទីក្រុងហុងកុង ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសរុបទាំង២១ ផ្សេងទៀត ដែលកំពុងប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីនេះ។

យោងតាមប្រភពសារព័ត៌មាន FT បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនដែលមិនត្រូវបានបញ្ចេញឈ្មោះទាំងនោះ សុទ្ធសឹងតែត្រូវបានចោទប្រកាន់ពីបទគាំទ្រ ឬផ្តល់ជំនួយដោយប្រយោលដល់វិស័យយោធារបស់រុស្ស៊ី ។

គួរឲ្យដឹងផងដែរថា ជុំវិញការដាក់ទណ្ឌកម្មថ្មីនេះ អាចនឹងត្រូវ​អនុវត្តន៍​ជាផ្លូវការ នៅសប្តាហ៍ក្រោយ ក្នុងគោលបំណងដាក់កម្រិតលើការជួញដូរគ្រឿងបន្លាស់អេឡិចត្រូនិករបស់ក្រុមហ៊ុនទាំងនោះ ដែលអាចយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងប្រព័ន្ធអាវុធ ឬប្រើប្រាស់ក្នុងការផលិតយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ជាដើម។

ជម្រាបជូនផងដែរថា បញ្ជីក្រុមហ៊ុនសរុបដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម អាចនឹងកើនឡើងដល់ជាង ៦៤០ ក្រុមហ៊ុន ប្រសិនបើកញ្ចប់ទណ្ឌកម្មទី១៣ ត្រូវបានបានអនុម័តជាផ្លូវការដោយសហភាពអឺរ៉ុប៕