៤ក្នុងចំណោមមហាសេដ្ឋីកំពូលវៀតណាមចំនួន៦រូប សុទ្ធតែកើនឡើងទ្រព្យសម្បត្តិដូចគ្នា

អន្តរជាតិ

មហាសេដ្ឋីវៀតណាមចំនួន ៦រូប ត្រូវបានជាប់ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក របស់ទស្សាវដ្តី Forbes នៅឆ្នាំនេះ ដោយ ៤ក្នុងចំណោម ៦រូបនោះ សុទ្ធសឹងតែបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយគិតតាមលំដាប់នៃចំនួនទ្រព្យសម្បត្តិ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup ឈរលើគេក្នុងនាមជាមហាសេដ្ឋីមានបំផុតរបស់វៀតណាម និងតាមពីក្រោយដោយលោកស្រី Nguyen Thi Phuong Thao នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VietJet Air លោក Tran Dinh Long ប្រធានក្រុមហ៊ុនផលិតដែក Hoa Phat ឈរលេខ៣ លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank ឈរលេខ៤ លោក Tran Ba Duong ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco ឈរលេខ៥ និងលោក Nguyen Dang Quang ប្រធានក្រុមហ៊ុនលក់រាយ Masan ឈរនៅលេខ៦ ។

លោក Vuong ដែលជាមហាសេដ្ឋីមានបំផុតក្នុងប្រទេស មានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៤ពាន់លានដុល្លារ កើនឡើង ២,៣% បើធៀបទៅនឹងឆ្នាំមុន ស្របពេលលោកស្រី Thao មានទ្រព្យសម្បត្តិសរុបចំនួន ២,៨ពាន់លានដុល្លារ កើនឡើង ២៧% ។

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិសរុបរបស់លោក Long ដែលជាប្រធានក្រុមហ៊ុនដែក Hoa Phat ក៏បានកើនឡើង ៤៤% ផងដែរ ដល់ចំនួន ២,៦ពាន់លានដុល្លារ ស្របពេលលោក Ho Hung Anh ដែលជាប់​ក្នុង​បញ្ជី​របស់ Forbes ជា​លើក​ទី​៦ ​មាន​ទ្រព្យ​សម្បត្តិសរុបចំនួន ១,៧ពាន់​លាន​ដុល្លារ កើន​ឡើង ១៣%។

ដោយឡែកសម្រាប់លោក Tran Ba Duong និងលោក Nguyen Dang Quang វិញ គឺមានទ្រព្យសម្បត្តិសរុប ១,២ពាន់លានដុល្លារ ដូចគ្នា បន្ទាប់ពីទ្រព្យសម្បត្តិរបស់ពួកគេសុទ្ធសឹងតែបានធ្លាក់ចុះ ដោយលោក Quang ធ្លាក់ចុះ ៨% និងលោក Doung ធ្លាក់ចុះ ២០% ។

ជម្រាបជូនផងដែរថា យោងតាមទស្សាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នមានមហាសេដ្ឋីសរុបចំនួន ២ ៧៨១ នាក់នៅទូទាំងពិភពលោក ដោយបានកើនឡើង ១៤១ នាក់ច្រើនជាងឆ្នាំមុន ជាមួយនឹងទ្រព្យសម្បត្តិសរុបរបស់ពួកគេបញ្ចូលគ្នា កើនឡើងដល់ ១៤,២ទ្រីលានដុល្លារ៕