មកស្គាល់មហាសេដ្ឋីវ័យក្មេង ជាទាយាទស្នងតំណែងកក្នុងក្រុមហ៊ុនភេសជ្ជ:កំពូល Red Bull

អន្តរជាតិ

ទស្សនាវដ្ដី Forbes បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋីដែលមានវ័យក្មេងបំផុត នៅលើពិភពលោក តាមរយ:ចំនួនទ្រព្យសម្បត្តិដែលពួកគេមាន មុនពេលឈានដល់អាយុ ៣៣ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហើយនៅឆ្នាំនេះ តំណែងមហាសេដ្ឋីវ័យក្មេងបំផុតរបស់ទស្សនាវដ្ដី Forbes គឺបានធ្លាក់ទៅលើ លោក Mark Mateschitz វ័យ ៣១ឆ្នាំ ដែលមានទ្រព្យសម្បត្តិសរុប ៣៩,៦ពាន់លានដុល្លារ បន្ទាប់ពីរូបលោកទទួលបានមរតកស្ទើរតែពាក់កណ្តាល ក្នុងក្រុមហ៊ុនភេសជ្ជ:លំដាប់កំពូល Red Bull ។

Mark គឺជាកូនប្រុសរបស់សហស្ថាបនិកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull គឺលោក Dietrich Mateschitz ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៧ ។ ប៉ុន្តែនៅពេលដែលលោក Dietrich បានចែកឋានទៅ ដោយសារតែជំងឺមហារីក Mark បានទទួលស្នងមរតកទាំងស្រុង ជាមួយនឹងការកាប់ភាគហ៊ុនសរុប ៤៩% ក្នុងក្រុមហ៊ុន នៅឆ្នាំ២០២២។

គួរឲ្យដឹងថា លោក Dietrich បានបង្កើតក្រុមហ៊ុន Red Bull នេះឡើង ជាមួយពាណិជ្ជករជនជាតិថៃម្នាក់ទៀត គឺលោក Chaleo Yoovidhya ដែលកាប់កាន់ភាគហ៊ុនចំនួន ៤៩% និង ២% ផ្សេងទៀត គ្រប់គ្រងដោយកូនប្រុសច្បងរបស់លោក ឈ្មោះ Chalerm ដែលបច្ចុប្បន្នក៏ជាមហាសេដ្ឋីម្នាក់ផងដែរ។

មុនពេលឪពុករបស់គាត់បានទទួលមរណភាពក្នុងវ័យ ៧៨ឆ្នាំ Mateschitz បានចូលទៅកាន់តំណែងជាប្រធានផ្នែករបស់ Red Bull ប៉ុន្តែក្រោយមកបានប្រកាសលាលែងពីតំណែងវិញ ដោយសារតែលោកមិនចង់ធ្វើការជាបុគ្គលិកផង និងជាម្ចាស់ភាគហ៊ុនផង ក្នុងក្រុមហ៊ុនតែមួយឡើយ។

ជម្រាបជូនផងដែរថា ចាប់តាំងពីការចេញលក់ដំបូងមក ភេសជ្ជ: Red Bull ច្រើនជាង ១០០ ពាន់លានកំប៉ុងត្រូវបានលក់ទូទាំងពិភពលោក រួមទាំងការលក់បានជាង ១២ ពាន់លានកំប៉ុង នៅឆ្នាំ ២០២៣ ខណៈអាចរកប្រាក់ចំណូលសរុបបានរហូតទៅ ១១,៦ពាន់លានដុល្លារ កាលពីឆ្នាំមុនផងដែរ៕