លោក ចូ បៃដិន កំពុងស្នើឲ្យមានការដំឡើងពន្ធដល់ទៅបីដង លើដែកថែប និងអាលុយមីញ៉ូមរបស់ចិន

អន្តរជាតិ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃពុធ ទី១៧ ខែមេសាកន្លងទៅនេះ បានជំរុញឲ្យមានការដំឡើងពន្ធដល់ទៅ ៣ដង លើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសចិន ដើម្បីបង្កើនការគាំទ្រសម្រាប់អាជីវកម្មនៅក្នុងស្រុក អំឡុងពេលធ្វើ​យុទ្ធនាការ​ស្វែងរកសន្លឹកឆ្នោត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវរបស់លោក បៃដិន នេះត្រូវបានធ្វើឡើង នៅពេលដែលតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមបើការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិន ក្នុងវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងផ្នែកភស្តុភារ ដើម្បីឆ្លើយតបទៅនឹងញត្តិប្រឆាំងតវ៉ាដែលដាក់ដោយសហជីពអាមេរិក។

ទន្ទឹមនឹងនេះ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយ និងការឧបត្ថម្ភធនរបស់ចិនសម្រាប់ឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមក្នុងស្រុករបស់ពួកគេ មានន័យថា ផលិតផលអាមេរិកដែលមានគុណភាពខ្ពស់ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ដោយសារតែផលិតផលរបស់ចិនមានតម្លៃទាបជាង ។

ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ ពន្ធជាមធ្យមលើដែកថែប និងអាលុយមីញ៉ូមគឺ ៧,៥% ខណ:មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសចិនមានចំណែកប្រហែលពាក់កណ្តាលនៃផលិតកម្មដែកសកល ស្របពេលការនាំចេញលោហៈប្រភេទនេះរបស់ចិន មានតម្លៃទាបជាងតម្លៃដែកថែបរបស់សហរដ្ឋអាមេរិកយ៉ាងច្រើន៕