គណ:រដ្ឋមន្ត្រីថៃ យល់ព្រមអនុម័តទៅលើផែនការចែកលុយឌីជីថលតម្លៃជាង ១៣ពាន់លានដុល្លារ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានបង្ហើបឲ្យដឹងថា គោលនយោបាយចែកលុយឌីជីថលចំនួន ៥០០ពាន់លានបាត (១៣,៥ពាន់លានដុល្លារ) ត្រូវបានយល់ព្រមអនុម័តដោយគណ:រដ្ឋមន្ត្រីថៃហើយ នៅថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផែនការចែកលុយឌីជីថលនេះ នឹងផ្តល់ប្រាក់ចំនួន ១០ ០០០បាត ដល់ប្រជាជនថៃពេញវ័យ ក្នុងចំនួន ៥០ លាននាក់ ដើម្បីយកទៅប្រើប្រាស់ចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ នៅក្នុងរយ:ពេល ៦ខែ ខណ:រដ្ឋាភិបាលថៃ បានបញ្ជាក់ថាគោលបំណងធំនៃផែនការនេះ គឺចង់រក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារធ្ងន់ធ្ងរ។

គួរឲ្យដឹងផងដែរថា ផែនការចែកចាយលុយឌីជីថល ដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ កន្លងទៅ ត្រូវបានពន្យារពេលជាបន្តបន្ទាប់រហូតមកដល់ត្រីមាសទី៤ ដោយសារតែកង្វះខាតថវិកា ខណ:រដ្ឋាភិបាលក៏កំពុងរងការរិះគន់ខ្លាំងផងដែរ​ ដើម្បីស្វែងរកវិធីផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។

ប៉ុន្តែទោជាយ៉ាងណា ឥឡូវនេះ រដ្ឋាភិបាលថៃ បានប្រកាសថាខ្លួននឹងទាញយកថវិកាសារពើពន្ធឆ្នាំ២០២៤ និង ឆ្នាំ២០២៥ រួមទាំងថវិកាពីធនាគារដ្ឋសម្រាប់ប្រើក្នុងវិស័យកសិកម្ម និងសហករណ៍កសិកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានលើផែនការចែកលុយឌីជីថលនេះ។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បាននិយាយថា កាលបរិច្ឆេទនៃការដាក់ដំណើរការផែនការនេះ នឹងត្រូវបញ្ជាក់សារជាថ្មីនៅពេលក្រោយ ដោយរងចាំអ្នកជំនាញពិគ្រោះពិភាក្សាគ្នាលើភាពស្របច្បាប់នៃផែនការនេះជាមុនសិន៕