អង់គ្លេសនឹងចំណាយថវិកា២,៥% នៃ GDP របស់ប្រទេសទៅលើវិស័យការពារជាតិ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយថា អង់គ្លេសនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនឲ្យដល់ចំនួន២,៥% នៃ GDP ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣០ ដើម្បីប្រុងជើងការនៅអំឡុងពេលដែលពិភពលោក កំពុងប្រទះស្ថានការហានិភ័យ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឈរក្បែរមេដឹកនាំអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃទី២៣ ខែមេសា លោក Sunak បានលើកឡើងយ៉ាងដូច្នេះថា ចក្រភពអង់គ្លេសនឹងចំណាយប្រាក់បន្ថែមចំនួន ៧៥ពាន់លានផោន (៩៣ពាន់លានដុល្លារ) ក្នុងរយៈពេល ៦ឆ្នាំដើម្បីបង្កើនការផលិតគ្រាប់បែក និងយន្តហោះគ្មានមនុស្សបើក ខណៈដែលគម្រោងការនេះហើយ នឹងធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាប្រទេសចំណាយលើវិស័យការពារជាតិច្រើនជាងគេលំដាប់ទីពីរនៅក្នុងអង្គការ NATO ។ លើសពីនោះ ប្រទេសអ៊ុយក្រែនគឺជាមេរៀនមួយដែលពួកយើងត្រូវរៀនសូត្រ ពោលប្រទេសនានាត្រូវតែមានគ្រាប់បំផ្ទុះទុកក្នុងឃ្លាំងឲ្យច្រើនជាងមុន ហើយខិតខំផលិត ឬទិញបន្ថែមឲ្យកាន់តែច្រើន។

មិនត្រឹមតែប៉ុណ្ណោះ លោកបានលើកឡើងទៀតថា នៅក្នុងស្ថានភាពពិភពលោកកំពុងជួបគ្រោះថ្នាក់បំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក ពួកយើងពិតជាមិនអាចរអ៊ូរទាំបានទេ។ នៅពេលសត្រូវធ្វើត្រឹមប៉ុនណា យើងត្រូវធ្វើឲ្យលើសពួកគេបន្ថែមទៀត ដើម្បីការពារផលប្រយោជន៍ និងគុណតម្លៃប្រទេសជាតិរបស់យើងរាល់គ្នា។

គួរបញ្ជាក់ថា លោក Sunak ក៏ស្ថិតនៅក្រោមសម្ពាធពីគណបក្សរបស់លោកផងដែរ ដោយបក្សនេះកំពុងតែជំរុញការចំណាយថវិកាលើវិស័យការពារជាតិឲ្យបានលឿនជាងមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបាននិយាយកាលពីខែមុនថា គាត់អាចធ្វើបានលុះលុះត្រាតែលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល៕