ក្រុមហ៊ុន YouTube ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាបានចំណាយទឹកប្រាក់អស់ប្រមាណជាង ២៤,៥លានដុល្លារ ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រធានាធិបតីអាមេរិក ជុំវិញការបិទគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីកុបកម្មនៅ Capitol Hill ក្នុងឆ្នា២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីជូនដំណឹងមួយ ដែលបានផ្ញើទៅកាន់តុលាសហព័ន្ធនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៩ ខែកញ្ញា Alphabet ដែលជាក្រុមហ៊ុនមេរបស់ YouTube បាននិយាយថា ខ្លួនបានយល់ព្រមបង់ប្រាក់សរុបចំនួន ២៤,៥លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងដែលដាក់ដោយលោក ត្រាំ ប្រឆាំងទៅនឹងវេទិការបស់ខ្លួនមួយនេះ។
គួរឲ្យដឹងផងដែរថា នៅខែកក្កដា ឆ្នាំ២០២១ លោក ត្រាំ បានដាក់ពាក្យប្តឹងទៅកាន់ក្រុមហ៊ុន Facebook , Twitter និង Youtube ដោយសារតែវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះ បានបិទគណនីរបស់លោក បន្ទាប់ពីមានកុប្បកម្មនៅ Capitol Hill កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ជុំវិញបញ្ហានោះ មេធាវីរបស់លោក ត្រាំ បាននិយាយថា ការសម្រេចចិត្តបិទគណនីនេះ គឺផ្អែកលើស្តង់ដារមិនច្បាស់លាស់។
ជម្រាបជូនថា ចាប់តាំងពី លោក ត្រាំ ចូលកាន់តំណែងក្នុងខែមករាមក ក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta បានប្រកាសថា ខ្លួននឹងបង់ប្រាក់ចំនួន ២៥លានដុល្លារដើម្បីដោះស្រាយបណ្តឹងនេះ ហើយជាមួយគ្នានោះ ក្រុមហ៊ុនបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក៏បានចំណាយប្រាក់ប្រហែល 10 ១០លានដុល្លារក្នុងខែកុម្ភៈ ដើម្បីដោះស្រាយរឿងក្តីនេះ ផងដែរ៕

