ថៃ ផ្អាកការនាំចេញប្រេងដូងឆៅបណ្តោះអាសន្ន ដើម្បីរក្សាតម្លៃក្នុងស្រុក

អន្តរជាតិ

នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ប្រទេសថៃ បានហាមប្រាមការនាំចេញប្រេងដូងឆៅជាបណ្ដោះអាសន្ន ដោយសារតែផលិតកម្មត្រូវកាត់បន្ថយដែលបណ្តាលមកពីគ្រោះរាំងស្ងួត និងជំងឺរុក្ខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ការរឹតបន្តឹងនេះ រំពឹងថានឹងមានរយៈពេលរហូតដល់ខែធ្នូ ក្នុងមានគោលបំណងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាបាននូវកម្រិតផ្គត់ផ្គង់ក្នុងស្តុកគ្រប់គ្រាន់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារបច្ចុប្បន្នឆ្លុះបញ្ចាំងពីការថយចុះគួរឲ្យកត់សម្គាល់នៃទិន្នផលដូងប្រេង ដោយចាំបាច់ត្រូវមាន​វិធានការណ៍​ច្បាស់លាស់ ដើម្បីការពារទាំងកសិករ និងអ្នកប្រើប្រាស់ពីអតិផរណាតម្លៃ។

ទន្ទឹមនឹងនេះ អគ្គនាយករងនៃនាយកដ្ឋានដែលស្ថិតក្រោមក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថាតម្លៃដូងប្រេងឆៅបច្ចុប្បន្នគឺស្ថិតនៅកម្រិតទទួលយកបាន នៅត្រឹម ៨-៩បាតក្នុងមួយគីឡូក្រាម ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់លើតម្រូវការបន្ថែមទៀត ដើម្បីត្រួតពិនិត្យលើតម្លៃប្រេងដូងដបឲ្យបានដិតដល់ ផងដែរ។

មិនតែប៉ុណ្ណោះ សមាគមរោងចក្រចម្រាញ់ប្រេងដូង បានសន្យាសហការពេញទំហឹងជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដោយពួកគេបានយល់ព្រមផ្អាកការនាំចេញ និងធ្វើការរួមគ្នាដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក ខណ:អ្នកលក់រាយ និងអ្នកលក់ដុំ ក៏បានប្តេជ្ញារក្សាតម្លៃ​សមរម្យ​សម្រាប់ប្រេងដូងដប និងអនុវត្តការផ្តល់ជូនពិសេស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ផងដែរ។

ជាមួយនឹងប្រេងដូងឆៅនៅក្នុងស្តុកមានលើសពី ២០០ ០០០ តោន សមាគម បានប្តេជ្ញាផ្អាកការនាំចេញរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ។ ហើយដើម្បីទប់ស្កាត់ការឡើងថ្លៃនេះ នាយកដ្ឋានបានព្រមានថា អ្នកបំពានអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ ឬពិន័យជាទឹកប្រាក់រហូតដល់ ១៤ម៉ឺនបាត៕