អាមេរិក អាចនឹងប្រកាសពីកិច្ចព្រមព្រៀងពន្ធគយដំបូងគេជាមួយអង់គ្លេស ក្នុងពេលឆាប់ៗ

អន្តរជាតិ

សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៨ ខែឧសភានេះថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ត្រូវបានគេរំពឹងទុកថានឹងប្រកាសពីកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញមួយចំនួន ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះនឹងក្លាយជាកិច្ចព្រមព្រៀងដំបូងគេបង្អស់ដែលអាមេរិក សម្រេចបានជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ពោលគឺចាប់តាំងពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសពីវិធានការដំឡើងពន្ធគយនាំចូល លើប្រទេសជាច្រើន ក្នុងពិភពលោក។

ជុំវិញសេចក្តីរាយការណ៍នេះ ត្រូវបានធ្វើឡើង ក្រោយលោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់លោកថា នៅព្រឹកថ្ងៃទី៨ ខែឧសភា (ម៉ោងនៅសហរដ្ឋអាមេរិក) លោកនឹងប្រកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ រវាងសហរដ្ឋអាមេរិក ជាមួយអ្នកតំណាងនៃប្រទេសដ៏ធំ និងគួរឲ្យគោរពបំផុត។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស ក៏បាននិយាយផងដែរថា ៖”សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដែលមិនអាចខ្វះបានរបស់ចក្រភពអង់គ្លេស ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខជាតិ។ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងបន្ត ហើយនាយករដ្ឋមន្រ្តី នឹងផ្តល់ព័ត៌មានថ្មីៗអំពីការវិវត្តន៍ចុងក្រោយបំផុតនៅថ្ងៃនេះ” ។

គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី៦ ខែឧសភា មន្ត្រីអង់គ្លេសម្នាក់ បានបង្ហើបថា ភាគីទាំងពីរកំពុងធ្វើការកាត់បន្ថយពន្ធនាំចូលលើដែក និងរថយន្ត ដែលជាវិស័យសំខាន់បំផុតទាំងពីរដែលអាមេរិកបានដាក់ពន្ធ ២៥% ។ ជាថ្នូរមកវិញ ចក្រភពអង់គ្លេស នឹងកាត់បន្ថយពន្ធលើរថយន្តអាមេរិក និងសេវាកម្មឌីជីថល ដែលប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកជាច្រើន។

ជម្រាបជូនផងដែរថា បច្ចុប្បន្នចក្រភពអង់គ្លេស ប្រឈមនឹងពន្ធនាំចូលទូទៅចំនួន ១០% លើទំនិញដែលចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក។ ប្រទេសនេះ មិនបាន​ប្រឈម​នឹង​ពន្ធ​ទៅវិញទៅមក​ក្នុងកម្រិតខ្ពស់ដូចទៅនឹងប្រទេសដៃទៃមួយចំនួនទៀតនោះ​ទេ ដោយសារ​អង់គ្លេសបាន​ទិញ​ទំនិញជាច្រើន​ពី​អាមេរិក​ ជាង​ការនាំចេញ​៕